រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីករាលដាលអាវុធ មហាប្រល័យដោយសំឡេងគាំទ្រ១១៩សំឡេង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីករាលដាលអាវុធមហាប្រល័យ គឺមាន៨ជំពូក និង២៤មាត្រាត្រូវបានរដ្ឋសភាជាតិសម្រេចអនុម័តជាឯកច្ឆ័ន្ទ ដោយមាន សមាជិក សមាជិការដ្ឋសភាទាំងមូលបានបោះឆ្នោតគាំទ្រ១១៩សំឡេង ក្នុងចំណោម សមាជិក សមាជិការដ្ឋសភាចូលរួមចំនួន១២០រូប។

សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាលបានលើកឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២០នេះថា ការធ្វើច្បាប់នេះដោយសារតែកម្ពុជា គឺជាសមាជិកនៃក្រុម ប្រទេស អាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ ដូច្នេះកម្ពុជាមានកាតព្វកិច្ចដើម្បីអនុវត្តន៍ នៃគោលការណ៍ និងវិធានការដែលអង្គការនេះបានដាក់ចេញ។ សម្ដេចក្រឡាហោមបានបញ្ជាក់ថាកម្ពុជាយើងមិនទាន់បំពេញសម្រាប់លក្ខខណ្ឌទាំងឡាយដែលតម្រូវដោយអង្គការនេះ ហើយ ដូចខ្ញុំបញ្ជាក់ថាពេលយើងបានខិតខំប្រឹងប្រែង ប៉ុន្តែគេវាតម្លៃយើង នៅខ្វះខាត ដោយ បញ្ជូលទៅក្នុងបញ្ជីប្រផេះ ដែលនេះជាបញ្ហា។ ដូច្នេះយើងជាសមាជិក នៃអង្គការនេះត្រូវតែខិតខំដើម្បីបំពេញលក្ខខណ្ឌទាំងឡាយឱ្យសមស្រប ដើម្បីផលប្រយោជន៍ របស់កម្ពុជាយើង សម្តេចក្រឡាហោមបានបន្តថា ក្រុមការងារក្រសួងមហាផ្ទៃ ក៏ដូចជា ក្រសួងពាក់ ព័ន្ធបាន ខិតខំចាក់ចែងសេចក្តីព្រាងច្បាប់នេះ ឱ្យគ្រប់លក្ខខណ្ឌគ្រប់ ជ្រុង ជ្រោយ ដោយ បាន ជំនួយពីអ្នកជំនាញរបស់ប្រទេសអូស្ត្រាលីផងដែរ។ សម្តេចក្រឡា ហោម បានសង្កត់ធ្ងន់ថាច្បាប់នេះបានឆ្លើយតបភាពបន្ទាន់ និងចាំបាច់ ហើយសេចក្តី ព្រាងច្បាប់នេះរៀបចំឡើងហើយត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៥ ខែ ឧសភា ២០២០ ដើម្បីបញ្ជូលមករដ្ឋសភាអនុម័ត

បើតាមការបញ្ជាក់របស់ឯកឧត្ដម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការ ពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានលើកឡើងថា កម្ពុជាបានចូលជា សមាជិក នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤  ដែល ត្រូវតម្រូវឱ្យកម្ពុជាត្រូវអនុវត្តន៍តាមស្តង់ដារអន្តរជាតិស្តីពីការប្រឆាំងការសម្អាត់ប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីករាលដាយភាយអាវុធមហាប្រល័យរបស់ក្រុមការងារ ហិរញ្ញវត្ថុ។ ឯកឧត្ដមបានបន្ដថា ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តន៍សម្រាប់ប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងការរីករាល សាយភាយអាវុធមហាប្រល័យ។

 ជាមួយគ្នានោះដែរឯកឧត្ដម ហ៊ុន ណេង ក៏បានបន្ថែមថា ចំពោះអ្នកដែលល្មើ នឹងច្បាប់នេះត្រូវទទួលទោសជាប់ពន្ធនាគារពី២ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី ២០លាន រៀល ដល់៥០លានរៀល៕

ដោយ  ប៊ុនរិទ្ធ