ឯកឧត្តម លុយ ដាវីត៖ កម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី របស់ASEM ដែលមានការចូលរួមពីប្រទេស និងដៃគូទាំងអស់ នៃASEM នៅដើមខែកក្កដា ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) បានមានប្រសាសន៍ថា កម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី របស់ASEM ដែលមានការចូលរួមពីប្រទេស និងដៃគូទាំងអស់ ចំនួន៥៣ នៅដើមខែកក្កដា ខាងមុខនេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម លុយ ដាវីត បានគូសបញ្ជាក់ថា៖ “កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ យើងបានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី នៃប្រទេសសម្របសម្រួល របស់ ASEM តាមប្រព័ន្ធវីដេអូ (Videoconference) ដោយមានការចូលរួមពីតំណាងEU ដែលជាអ្នកសម្របសម្រួលអចិន្ត្រៃយ៍នៃក្រុមប្រទេសអឺរ៉ុប តំណាងប្រទេសក្រូអាស៊ី ដែលជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប ប្រទេសសិង្ហបុរី ដែលជាប្រទេសសម្របសម្រួលនៃប្រទេសអាស៊ាន និងប្រទេសរុស្ស៊ី ដែលជាអ្នកសម្របសម្រួលក្រុមប្រទេសអាស៊ីភាគខាងត្បូង និងអាស៊ីឦសាន និងកម្ពុជាយើងក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំ ASEM លើកទី១៣ ដោយមានការចូលរួមពី ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាឧត្តមមន្ត្រីសម្រាប់កម្ពុជា ទទួលបន្ទុកកិច្ចការ ASEM និងរូបខ្ញុំបាទ លុយ ដាវីត ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាផងដែរ។ ខ្ញុំសូមជម្រាបជូនថា កិច្ចប្រជុំ និងពិភាក្សា គឺផ្តោតសំខាន់ទៅលើការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីរបស់ ASEM ដោយមានការចូលរួមពី៥៣ប្រទេស និងដៃគូ ASEM តែម្តង ដែលគ្រោងធ្វើនៅដើមខែកក្កដា ខាងមុខនេះ” ។

ឯកឧត្តម លុយ ដាវីត ក៏បានគូសបញ្ជាក់ផងដែរថា៖ “នៅក្នុងដំណើរការនៃការប្រព្រឹត្តទៅរបស់ASEM គឺមុនពេលឈានទៅប្រារព្ធកិច្ចប្រជុំកំពូល តែងតែមានកិច្ចប្រជុំឧត្តមមន្ត្រីចំនួន០៣លើក កិច្ចប្រជុំចង្អៀតនៃឧត្តមមន្ត្រី ASEM (ASEM SOM RETREAT) លើកទី១គឺធ្វើនៅកម្ពុជាយើង ដែលពេលនោះកម្ពុជាបានគ្រោងរៀបចំនៅខែមីនា នៅខេត្តសៀមរាបកន្លងទៅនេះ ប៉ុន្តែត្រូវអាក់ខានទៅវិញ ដោយសារតែវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩ទូទាំងពិភពលោក លើកទី២ធ្វើនៅអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ ដែលក្នុងពេលនោះអាល្លឺម៉ង់គឺជាប្រធានប្តូរវេន នៃសហភាពអឺរ៉ុប ហើយចាប់ពីខែកក្កដា ខាងមុខនេះ ប្រទេសអាល្លឺម៉ង់ នឹងក្លាយជាប្រទេសសម្របសម្រួលក្នុងក្រុមអឺរ៉ុប ហើយកិច្ចប្រជុំឧត្តមមន្ត្រីលើកទី៣ នឹងភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តែម្តង។ ប៉ុន្តែកិច្ចប្រជុំលើកទី១ដែលអាក់ខាននេះ យើងគ្រោងធ្វើនៅខែកក្កដាវិញ ប៉ុន្តែដោយប្រទេសមួយចំនួននៅមានការរឹតត្បិតការធ្វើដំណើរ និងប្រទេសខ្លះទៀតមិនអាចធ្វើដំណើរបាន ដូច្នេះទើបយើងសម្រេចថានឹងរៀបចំកិច្ចប្រជុំចង្អៀត នៃឧត្តមមន្ត្រីASEM តាមប្រព័ន្ធវីដេអូ (Videoconference) នៅដើមខែកក្កដា ដោយយើងពុំអាចពន្យាពេលបន្តទៀតបាន ព្រោះកៀកនឹងថ្ងៃកិច្ចប្រជុំកំពូលពេក” ។

ឯកឧត្តមក៏បានបន្ថែមផងដែរថា ប្រទេសក៏ដូចជាដៃគូសម្របសម្រួលទាំង០៤ បានបញ្ជាក់ពីជំហរក្នុងការគាំទ្រកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣។ ចំណែកក្រុមការងារពាក់ព័ន្ធរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលនេះ កំពុងតែរៀបចំឯកសារទាំងអស់ដើម្បីដាក់ជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នេះ ដោយឯកសារទាំងអស់នេះត្រូវដាក់ឆ្លងប្រទេស និងដៃគូទាំង៥៣នេះសិន ហើយនឹងពិភាក្សាលម្អិតនៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រី ASEM នៅដើមខែកក្កដា ខាងមុខនេះ។

សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ចំនួន៥១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប៕

ដោយ៖ ផែន រតនៈ