សម្ដេចតេជោ ហ៊ុន សែន បន្តរម្លឹកឱ្យជនរួមជាតិប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខ ភាពទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តរម្លឹក​ឱ្យ​ជនរួមជាតិ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យ​ផ្ទាល់​ខ្លួន​ទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩។

នៅលើផេកផ្លូវការ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរលាកផ្លូវដង្ហើមកូវីដ-១៩”។ សម្ដេចតេជោបាន​បន្តថា  ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អីចឹ្ចងហើយ បានជាប្រទេសជា​ច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនឱ្យពលរដ្ឋធ្វើដំណើរ។ សម្ដេចតេជោក៏​បាន​ណែនាំសូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងពាក់ម៉ាស់ការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនេះ សូមតាមដានព័ត៌មាន នឹងស្តាប់តាម​ការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ។

សម្ដេចតេជោបានគូសបញ្ជាក់ថា តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ (COVID-19) នៅក្នុង២១៦ប្រទេស គឺបានកើនឡើងជាង៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។ មកទល់ពេលនេះពុំទាន់មានថ្នាំ​ព្យាបាល​នៅឡើយទេ។ សម្ដេចតេជោបានបន្ថែមថា ចំពោះប្រទេសកម្ពុជាយើងវិញទោះ​បីចំនួន​អ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាច​សាហាវនេះ​ឡើយ។

សម្ដេចតេជោក៏បានជូនពរបងប្អូនជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស៕

ដោយ  ជឹម ណារី