វេទិកាផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

AKP កំពង់ឆ្នាំង ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០—–

កាលពីថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោ ស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នា២០២០ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកានៅភូមិភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង​ ដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋ។

វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាល​រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកស្រី មាស សុម៉ាលី ស្នងការ​រង​នគរបាល​ខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ​, កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី ក្រុមការងារ​របស់លេខាធិការដ្ឋានខេត្ត និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។​

លោកជំទាវ ប៊ន សុភី បានបញ្ជាក់ពីគោលបំណងនៃអង្គវេទិកានេះថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ក្នុងកាតជំរុញពង្រឹងការអនុវត្តការងារ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្រុមលេខាធិការដ្ឋាន ក្រុមការងារជំនាញអន្តរមន្ទីរ អង្គភាព បានអនុវត្តន៍ការងារបានយ៉ាងល្អប្រសើរ។

លោកជំទាវ បានមានប្រសាសន៍បន្តថា កត្តាដែល​ជំរុញ​ឱ្យមានការជួញដូរមនុស្ស គឺ   បណ្តាលមកពីភាពក្រីក្រកង្វះខាតផ្នែកសិក្សាអប់រំ ភាពអត់ការងារធ្វើ ការរើសអើងផ្នែកភេទ អំពើហិង្សា និងការរំលោភបំពាននៅក្នុងសង្គមគ្រួសារ ស្ថានភាពជម្លោះក្នុងគ្រួសារ កង្វះខាតនូវការជ្រើសរើស និងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ជាដើម។

ជាមួយនោះលោកជំទាវ ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាបន្តសកម្មភាពទប់ស្កាត់ និងបង្ក្រាបរាល់ទម្រង់ នៃការជួញដូរមនុស្សនៅកម្ពុជា ។ ពិសេសនៅខេត្តកំពង់ឆ្នាំង ការជួញ​ដូរមនុស្ស គឺជាការជួញដូរកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទ ជាពិសេសលើស្ត្រី និងកុមារ ៕ ដោយ៖បៃ ស៊ីថុន