ក្រុមហ៊ុនទ្រីភាពគ្រុប បរិច្ចាគសម្ភារបរិក្ខារ  ស្បៀងអាហារ  និងថវិកាជូនសាខាកាកបាទក្រហមខេត្តកំពត

AKP កំពត ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

ដើម្បីរួមចំណែកទ្រទ្រង់ដល់ការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ក៏ដូចជាដើម្បីចែករំលែកទុកលំបាករបស់ប្រជាពលរដ្ឋនៅក្នុងអំឡុងពេលប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានបរិច្ចាគសម្ភារ បរិក្ខារ ស្បៀងអាហារ និងថវិកាមួយចំនួនដល់សាខាកាកបាទក្រហមខេត្តកំពត កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកំពត  ក្រោមវត្តមាន ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសហការី។

ពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ របស់អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបនេះ ដើម្បីរួមចំណែកក្នុងមូលនិធិដោយស្ម័គ្រចិត្ត សម្រាប់ ទ្រទ្រង់ការងារមនុស្សធម៌កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០។

អំណោយសប្បុរសធម៌រួមមាន៖  អង្ករចំនួន១០តោន មីចំនួន១០០កេសធំ ទឹកអាល់កុលចំនួន៣០០លីត្រ និងថវិកាចំនួន៤០លានរៀល សម្រាប់ត្រៀមជួយដល់ប្រជា ពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត ពិសេសក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តកំពត។

នៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកជំទាវឧកញ៉ាគៀន ស្រីនាង ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ស្របពេលដែល សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាន និងកំពុងត្រូវការសម្រាប់យកទៅផ្ដល់ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្ត។

ឯកឧត្តមបន្តថា អំណោយទាំងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលបានរួម ចំណែកដល់សកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហមខេត្ត ក៏ដូចជារដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕ ដោយ៖ ប្រាក់ លាង