សហព័ន្ធកីឡាវាយសីកម្ពុជា អះអាងថា ជម្រើសជាតិថ្នាលវាយសី ធ្លាក់ចុះគុណភាព៥០ភាគរយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

លោក ជាម សុភា អគ្គលេខាធិការស្ដីទី សហព័ន្ធកីឡាវាយសីកម្ពុជាបានអះអាងថា បន្ទាប់ពីមានការប្រមូលផ្តុំ​ឡើងវិញក្រុមជម្រើសជាតិថ្នាលកីឡាវាយសីឡើងវិញ ឃើញថា គុណភាពបច្ចេកទេស សិទ្ធផលបានធ្លាក់​ចុះ​ប្រមាណ៥០ភាគរយ ដោយសារការហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួនមិនបានដិតដល់ រួមទាំង​វិន័យក៏មិនបានល្អដូចការហ្វឹកហាត់ជុំគ្នានេះដែរ។ នេះបើតាមការបញ្ជាក់របស់លោក ជាម សុភា កាលពីថ្ងៃ​ទី០២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងឱកាសបើកការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ នៅទីលានសហព័ន្ធនៃពហុ​កីឡ​ដ្ឋានជាតិអូឡាំពិក។

លោកបានបន្តថា ដើម្បីពង្រឹងសិទ្ធផលក្រុមជម្រើសជាតិថ្នាលឱ្យល្អដូចដើមវិញ គឺ​ត្រូវការប្រមាណ១ខែ ដើម្បីត្រៀមការប្រកួតក្នុងស្រុក និងការប្រកួតអន្តរជាតិនានា។ សម្រាប់ក្រុមជម្រើស ជាតិ​ឈុតធំមិនទាន់ប្រមូលផ្តុំឡើងវិញនៅឡើយទេ ដោយសារតែនេះគឺជាការប្រមូលផ្តុំ ក្នុងដំណាក់កាលជា ជំហានៗ ស្របតាមវិធានសុខាភិបាល។ សម្រាប់កម្មវិធី ហ្វឹកហាត់ស្តារថាមពលកម្លាំង និងបច្ចេកទេស​ឱ្យ​ប្រសើរ​ឡើងវិញ សហព័ន្ធបានដាក់ផែនការច្រើនលើសពីពេលមុនៗ ដោយពេលព្រឹកពីម៉ោង៨ដល់ម៉ោង១១ ហើយនៅពេលល្ងាចចាប់ពីម៉ោង៥ដល់ម៉ោង៧យប់ ហ្វឹកហាត់នៅក្រៅទីលាន  និងពីម៉ោង៧យប់ ដល់៩យប់ ត្រឡប់មកហ្វឹកហាត់នៅក្នុងទីលានវិញ។

តាមផែនការ សហព័ន្ធកីឡាវាយសីកម្ពុជានឹងរៀបចំការប្រកួតចាប់ពីខែកញ្ញាតទៅ ដែលនៅសល់៣​ព្រឹត្តិការណ៍ទៀត សម្រាប់បំពេញផែនការ៤ប្រកួតប្រចាំឆ្នាំ២០២០នេះ ដោយបានបន្តពន្យាពេល ដោយ​សារវិបត្តិជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ការប្រមូលផ្តុំនៃការហ្វឹកហាត់ក្រុម​ជម្រើស​ជាតិថ្នាលនៃ ប្រភេទកីឡាមួយចំនួនកំពុងរៀបចំឡើងវិញជាបន្តបន្ទាប់ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសឱ្យ​ផ្អាក​ការប្រមូលផ្តុំហ្វឹកហាត់ និងគ្រប់ការប្រកួតទាំងអស់ តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០៕ ដោយ៖ហេង ណាលីន