គ្រូបង្គោលក្រុមកងយោធពលខេមរភូមិន្ទ ប្រមូលផ្តុំឡើងវិញ ត្រៀមប្រកួតសប្តាហ៍ទី៦

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

លោក ទេព ឡុងរចនា គ្រូបង្គោលក្រុមកងយោធពលខេមរភូមិន្ទ ឬក្រុមទ័ពថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះថា បន្ទាប់ពីមានការប្រមូលផ្តុំហ្វឹកហាត់​ជុំគ្នាឡើង​វិញ​ជាជំហានៗ តាមវិធានការសុខាភិបាលនោះ នៅដើមសប្តាហ៍នេះ ដើម្បីត្រៀមការប្រកួតបន្តនាសប្តាហ៍ទី៦ ប៉ុន្តែឃើញថាកូនក្រុមរបស់លោកធ្លាក់ចុះនូវគុណភាពបច្ចេកទេសនៅសល់ត្រឹម៧០ភាគរយប៉ុណ្ណោះ ដោយ​សារការសម្រាកយូរខែពេក។

ទោះយ៉ាងនេះក្តី ក៏គ្រូបង្គោលរូបនេះថា ការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញនេះ​នឹងធ្វើឱ្យកីឡាករទាំងអស់បានល្អ ប្រសើរឡើងវិញនាពេលខាងមុខឆាប់ៗនេះ ដើម្បីបន្តការប្រកួតនា​សប្តាហ៍​​ទី៦​ដោយត្រូវបន្តការប្រកួតដ៏ស្វិតស្វាញជាមួយបណ្តាក្រុមចំនួន១២ផ្សេងទៀត នៃក្របខ័ណ្ឌលីគ​កំពូលកម្ពុជា។

លោក ទេព ឡុងរចនា បានបង្ហាញនូវគោលដៅរបស់ខ្លួនធ្វើយ៉ាងណាត្រូវបន្តការខិតខំឱ្យ​ក្រុមទ័ពស្ថិតនៅក្នុង៤ក្រុមចុងក្រោយ នាចុងរដូវកាល ២០២០នេះ។ លោកបន្ថែមថា សម្រាប់រដូវកាល ២០២០នេះ ក្រុមណាក៏ជាឧបសគ្គធំរបស់ខ្លួនដែរ ពីព្រោះថាក្រុមទាំងអស់នៃលីគកំពូលនេះ​សុទ្ធសឹងជា​ក្រុម​ខ្លាំងៗ។

ក្រុមកងយោធពលខេមរភូមិន្ទមានកីឡាករបរទេសចំនួន៥នាក់ ដូចជាជនជាតិប្រេស៊ីល កូរ៉េ ជប៉ុន នីហ្សេរីយ៉ា កាម៉េរូន ប៉ុន្តែកីឡាករជនជាតិកូរ៉េម្នាក់មិនទាន់ឱ្យចូលរួមហ្វឹកហាត់ទេ ដោយត្រូវឱ្យ​សម្រាកតាម​វិធានសុខាភិបាល១៤ថ្ងៃសិន ហើយផុតពី១៤ថ្ងៃទើបអនុញ្ញាតឱ្យកីឡាករជនជាតិកូរ៉េរូបនេះហ្វឹកហាត់ជុំគ្នា។

សូមរម្លឹកថា ឆ្លងកាត់៥ប្រកួតរបស់ក្រុមកងយោធពលេខេរភូមិន្ទ កន្លងទៅ ឈ្នះ២ ស្មើ២ និងចាញ់១​ប្រកួតមាន៨ពិន្ទុ ឈរនៅលេខរៀងទី៧បណ្តោះអាសន្ន។ ការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី៦ គ្រោងនឹង​ចាប់ផ្តើមនាថ្ងៃទី០៤-ទី០៥ ខែកក្កដា ឆ្នាំ២០២០តទៅ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសឱ្យពន្យាពេលការប្រកួត និងការប្រមូលផ្តុំគ្រប់ប្រភេទកីឡាទាំងអស់ កាលពីខែមីនា ឆ្នាំ២០២០កន្លងទៅ។

កាលពីពេលថ្មីៗនេះ រាជ​រដ្ឋាភិបាលបានអនុញ្ញាតឱ្យរៀបចំការប្រកួត និងការប្រមូលផ្តុំឡើងវិញជាជំហានៗ តាមវិធានការសុខាភិបាល ដោយអាចហ្វឹកហាត់ និងរៀបចំការប្រកួតឡើងវិញចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០៕ ដោយ៖ហេង ណាលីន