សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យមានការផ្ទេរមុខងារ ឱ្យកាន់តែច្រើនទៅរដ្ឋ​បាលថ្នាក់ក្រោមជាតិ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.​ប) បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់​ត្រូវខិតខំធ្វើយ៉ាងណាផ្ទេរមុខងារឱ្យ​កាន់តែ​ច្រើន​ទៅ​រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរខ្លាំង ឡើងថែមទៀតនៅថ្នាក់ក្រោមជាតិ។

ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង យ៉ាង ដូច្នេះ​គឺធ្វើ​ឡើង​​ក្នុង​ឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរ ការមន្ទីរ​សុខាភិបាល​នៃរដ្ឋបាលរាជធានី ខេត្ត កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តី​ការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការផ្ទេរមុខងារនេះ ក៏ត្រូវសិក្សាប្រព័ន្ធ​សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធបច្ចេកទេសព័ត៌មានវិទ្យាស្វ័យប្រវត្តិ និងការ​ប្រើប្រាស់បច្ចេកទេសទាន់សម័យប្រកបដោយភាពវៃឆ្លាតដើម្បីធានាដល់ការផ្តល់សេវាឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ សម្តេចក្រឡា​ហោម បានបន្ដថា ការធ្វើវិមជ្ឈការគឺជាការផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុស​ត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

សម្ដេចក្រឡាហោមបានអះអាងថា ក្នុងក្របខ័ណ្ឌកំណែទម្រង់វិម្ឈការរបស់ខ្លួន កម្ពុជា​បានសម្រេចនូវសមិទ្ធផលធំៗជាច្រើន។ តែទោះបីជាយ៉ាងណាក្តី សម្តេចក្រឡាហោមបាន​បន្ថែមថា កម្ពុជានៅមានកិច្ចការជាអាទិភាពជាច្រើនបន្ថែមទៀតដែលត្រូវអនុវត្តន៍។ ត្រង់​ចំណុចនេះ សម្តេចក្រឡាហោមបានថ្លែងបញ្ជាក់ថា ទោះបីជាកម្មវិធីសម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដែលត្រូវបញ្ចប់​នៅចុង​ឆ្នាំ២០២០​នេះ ក៏ដោយ ផ្អែកតាមឆន្ទៈរបស់រាជរដ្ឋាភិបាល នឹងបន្តរៀបចំដាក់ឱ្យអនុវត្តន៍​កម្មវិធីជាតិរយៈពេលវែងថ្មីមួយទៀតដែលត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ២០២១ខាងមុខតទៅ ៕ ដោយ៖ ចាន់ សុធីវង្ស