សារមន្ទីរនៅខេត្តសៀមរាប ចាប់ផ្តើមបើកឱ្យភ្ញៀវចូលទស្សនាឡើងវិញហើយ

AKP សៀមរាប ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

សារមន្ទីរចំនួន៣នៅខេត្ដសៀមរាប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបើកដំណើរការឱ្យភ្ញៀវចូល   ទស្សនាវិញហើយ ចាប់ពីថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីបានផ្អាកបណ្ដោះអាសន្ន មួយរយៈដោយសារតែបញ្ហារាដាលនៃជំងឺកូវីដ-១៩ ។ សារមន្ទីរទាំងបីនោះ រួមមាន៖ សារមន្ទីរព្រះនរោត្តម សីហនុអង្គរ, សារមនី្ទរវាយនភ័ណ្ឌប្រពៃណីអាស៊ី, និងសារមន្ទីរឡតានី។

លោក ប៉ែន ចំរ៉ុង នាយកស្តីទីសារមន្ទីរព្រះនរោត្តម សីហនុអង្គរ បានឱ្យដឹងថា សម្រាប់ថ្ងៃដំបូងនៃការបើកដំណើរការឱ្យភ្ញៀវចូលទស្សនាឡើងវិញនេះ គឺមិនទាន់មានភ្ញៀវ ឬយុវជនខ្មែរយើងចូលមកទស្សនា និងធ្វើការសិក្សាឈ្វេងយល់ច្រើននោះទេ ហើយសម្រាប់អ្នកដែលចូលមកទស្សនាសារមន្ទីរព្រះនរោត្តម សីហនុអង្គរ តម្រូវឱ្យមានការបាញ់អាល់កុលសម្អាតដៃ និងវាស់កម្ដៅ ករណីមានកម្ដៅខ្ពស់ មិនអនុញ្ញាតឱ្យចូលទេ។ លោកបន្តថា សម្រាប់សារមន្ទីរព្រះនរោត្តម សីហនុអង្គរ ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ភ្ញៀវ ឬយុវជនខ្មែរយើងចូលមកទស្សនា គឺមិនគិតថ្លៃទេ។

នាយកស្តីទីសារមន្ទីរព្រះនរោត្តម សីហនុអង្គរ លោក ប៉ែន ចំរ៉ុង បានអំពាវនាវឱ្យយុវជនខ្មែរយើងគួរមកធ្វើការសិក្សាឈ្វេងយល់នៅសារមន្ទីរនេះឱ្យបានច្រើន ព្រោះថា នៅក្នុង​សារមន្ទីរមិនត្រឹមតែជាកន្លែងតាំងបង្ហាញ​វត្ថុបុរាណប៉ុណ្ណោះទេ តែជាកន្លែង​អប់រំដល់សាធារណជនទូទៅ ទាំងផ្នែកបេតិកភណ្ឌ វប្បធម៌ និងសាសនាផ្សេងៗ ដោយខាងសារមន្ទីរនិងផ្តល់មគ្គុទ្ទេសក៍សម្រាប់ណែនាំ និងពន្យល់ផងដែរ ៕ដោយ៖ឃុត សៅ