អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

នៅរសៀលថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង អធិការដ្ឋាននគរបាលក្រុង កងរាជអាវុធហត្ថក្រុង និង អង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានកំណត់ឱ្យរដ្ឋបាលក្រុងបាត់ដំបង ធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ចំណីផ្លូវក្នុងក្រុងប្រកបមុខប្រចាំថ្ងៃដែលធ្វើមានកកស្ទុះចរាចរណ៍ និង ឱ្យបាត់បង់សោភណភាព សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងមានការរិះគន់ពីមហាជនផងដែរ។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ក្នុងជំហានដំបូងត្រូវរៀបចំសណ្តាប់នៅជុំវិញផ្សារធំ(ផ្សារណាត់) ផ្លូវលេខ១ និង ផ្លូវលេខ២ ដើម្បីលើកកម្ពស់សោភណភាពក្រុង ចៀសវាងការកកស្ទុះចរាចរណ៍ និង មានកន្លែងសម្រាប់អ្នកថ្មើរជើងរួចទើបទៅរៀបចំសណ្តាប់នៅតាមបណ្តាផ្លូវនានាទៀត ដែលស្ថិតនៅក្នុងក្រុងបាត់ដំបងផងដែរ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)