ក្រុមហ៊ុន កូកា-កូឡាកម្ពុជា បង្ហាញពី​វីរភាពអ្នកស្ម័គ្រចិត្តជួយ​សង្គ្រោះ​មនុស្សជាតិ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

ក្រុមហ៊ុនកូកា-កូឡា កម្ពុជា នាពេលថ្មីៗនេះ  បានចេញផ្សាយនូវខ្សែវីដេអូខ្លីៗពីបណ្តា​ប្រទេស​​នានាជុំវិញពិភពលោក ក្នុងនោះក៏មានអ្នកស្ម័គ្រចិត្ដកម្ពុជាផងដែរ តាមបណ្តាញ​ផ្សព្វផ្សាយសង្គមរបស់ខ្លួន ដើម្បីជាការគោរព និងអរគុណចំពោះវីរភាពរបស់អ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែលបានចូលរួមបរិច្ចាគទំាងកម្លាំងកាយ ពេលវេលា និងធនធាន ក្នុងការចូលរួម​ជួយសង្គ្រោះមនុស្សជាតិ និងប្រយុទ្ធប្រឆាំងនឹងការរាលត្បាតដោយវីរុសកូវីដ-១៩។

ក្នុងការចាក់ផ្សាយតាមវីដេអូនោះបានបញ្ជាក់ថា ទោះបីស្ថិតនៅទីកន្លែងផ្សេងគ្នា  តែប្រជាជនមាន​អារម្មណ៍ និងការប្រឈមដូចគ្នា  ស្ថិតនៅក្នុងស្ថានភាពនេះការចូលរួមពី​អ្នកស្ម័គ្រចិត្ត​មានគ្រប់សញ្ជាតិ និងគ្រប់រូបភាព ដែលបានផ្តល់នូវក្តីសង្ឃឹម និងអារម្មណ៍​វិជ្ជមានថា  យើង​នឹងឆ្លងផុតក្នុងគ្រាដ៏លំបាកមួយនេះទាំងអស់គ្នា។ ទន្ទឹមនេះ ក្រុមហ៊ុន​កូកា-កូឡាបានលើកឡើងថា មិនខុសគ្នាពីបណ្តាប្រទេសទាំងនោះទេ នៅក្នុងប្រទេស​កម្ពុជាក៏មានអ្នកស្ម័គ្រចិត្តជាច្រើនបានចូលរួមសង្គ្រោះសហគមន៍កម្ពុជា ប្រយុទ្ធប្រឆាំង​នឹង​ការរាលត្បាតដោយវីរុសកូវីដ-១៩ ដែលសកម្មភាពទាំងនោះ ត្រូវបានក្រុមហ៊ុនកូកា-កូឡាកម្ពុជា  ប្រមូលចងកម្រងអត្ថបទពីវីរភាពរបស់ពួកគាត់។

ជាមួយគ្នានេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០  ក្រុមហ៊ុនបានបញ្ចេញ​បញ្ចាំង ខ្សែវីដេអូដ៏ខ្លីមួយ ដែលបានដកស្រង់ពីការលះបង់  និងវីរភាពពិតៗរបស់អ្នក​ស្ម័គ្រ​ចិត្ត ម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាច្រើន  ដែលគាត់ជាម្ចាស់អាជីវកម្មកម្ចាត់មេរោគ​ខ្នាត​តូច  បានចូលរួមទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩  តាមរយៈការផ្តល់សេវាកម្ម​កម្ចាត់មេ​រោគ​ដោយឥតគិតថ្លៃនៅតាមផ្លូវសារធារណៈ  សាលារៀន  មន្ទីរពេទ្យ  ផ្សារ និង​សហ​គមន៍ ភូមិ ឃុំជាដើម ដែលសកម្មភាពរបស់គាត់បានជួយដល់​ក្រុមការងារជួរមុខ។  លើស​ពីនេះទៀត មិនត្រឹមតែជាការចូលរួមលើកទឹកចិត្តចំពោះភាពប្រសើរឡើងនៅពេល​អនាគត និងសា្ដរនៃ​ក្តីសង្ឃឹមនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ  ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក៏បាន​បរិច្ចាគជា​សម្ភារ​បង្ការ និងការពារ ដែលគិតជាសាច់ប្រាក់មានចំនួនជាង ២០ ម៉ឺនដុល្លារអាម៉េរិក  ដើម្បីចូលរួមប្រយុទ្ធប្រឆាំង  និងជួយសម្រាលការរីករាលដាល​នៃវីរុស​កូវីដ-១៩ នៅកម្ពុជា ព្រមទាំងសម្រាប់ឆ្លើយតបទៅសហគមន៍ដែលកំពុង និងងាយទទួល​រង​ផលប៉ះពាល់បំផុត​នៅក្នុងប្រទេសកម្ពុជា។

លោក ដេវីដ វ៉ីងហ្គល់វើដ នាយកប្រតិបត្តិនៃក្រុមហ៊ុនកូកា-កូឡា បានមាន ប្រសាសន៍ថា «យើងសូមអរគុណ និងសូមគោរពចំពោះវីរភាពរបស់ក្រុមការងារជួរមុខ  និងអ្នកស្ម័គ្រចិត្តទាំងអស់  ដែលខិតខំប្រឹងប្រែងរក្សាសុវត្ថិភាពប្រជាជន និងសហគមន៍​របស់យើងក្នុងគ្រាដ៏លំបាកនេះ»៕ ដោយ៖ រិទ្ធី