កិច្ចប្រជុំពិភាក្សាការងារ ស្តីពីការអនុវត្តន៍នីតិវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្ររងផលប៉ះពាល់អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩

AKP កំពង់ឆ្នាំង ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

នៅសាលប្រជុំខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិ ត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយផែន ការ​កំណត់​អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ រួមមាន ឯកឧត្តម ត្រាំ អ៊ីវតឹក អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន-អនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តមបណ្ដិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីផលប៉ះពាល់ដោយសារ covid-19 ដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងជំរុញឱ្យ ក្រសួងផែនការចុះធ្វើបច្ចុប្បន្នភាពស្រង់គ្រួសារក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ ហើយកម្មវិធីនេះគឺអនុវត្តន៍នៅតាមរាជធានី ខេត្ត ហើយយើងក៏ចាប់ផ្តើមអនុវត្តន៍នៅខេត្តកំពង់ឆ្នាំងយើងនេះផងដែរ។ ម្យ៉ាងទៀត ត្រូវផ្សព្វ ផ្សាយដល់រដ្ឋបាលខេត្ត ដើម្បីចុះស្រង់ស្ថិតិគ្រួសារក្រីក្រ ឱ្យបានច្បាស់លាស់ប្រកបដោយ តម្លាភាព។ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដើម្បីលើកកម្ពស់គុណភាព ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺ Covid-19 ។

ឯកឧត្តមបណ្ឌិត ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ ​ត្រូវ​តែ​ប្រើប្រាស់​បញ្ជី​សំណួរ​សម្រាប់​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ​តាមស្តង់ដារ​របស់​ក្រសួង​ផែនការ។​ ការ​ប្រើប្រាស់​បញ្ជី​សំណួរ​នេះ​ជួយ​ធានា​ថា ​ដំណើរ​ការ​កំណត់​អត្តសញ្ញាណ​នេះ ​ត្រូវ​បាន​អនុវត្ត​ន៍តាម​វិធីសាស្ត្រ​ដូច​គ្នា​ និង​មាន​ស្តង់ដារ​ដូច​គ្នា​នៅ​ក្នុង​តំបន់​គ្របដណ្តប់​ទាំងអស់ និងមាន​សំណុំ​នៃ​សូចនាករ​តំណាង​ឱ្យ​ភាព​ក្រីក្រ ​ដែល​ផ្អែក​ជា​សំខាន់​ទៅ​លើ ​ទ្រព្យសម្បត្តិ​ដែល​អាច​មើល​ឃើញ​ និង​ផ្ទៀងផ្ទាត់​បាន​ងាយ​ស្រួល​ ហើយ​ក៏​រួម​បញ្ចូល​នូវ​ស្ថានភាព​ពិសេស​មួយ​ចំនួន​ផ្សេងទៀត​ផងដែរ។

​ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ការ​សម្ភាសន៍​គ្រួសារ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​ក្រុម​តំណាងភូមិ​​ខ្លួនឯង ​ដែល​ស្គាល់​ស្ថានភាព​មូលដ្ឋាន​ច្បាស់លាស់ ​ធ្វើ​ឱ្យ​កាន់​តែ​ងាយ​ស្រួល​នូវ​ការ​ផ្ទៀងផ្ទាត់​ថា ​តើ​អ្នក​ផ្តល់​ចម្លើយ​បាន​រាយការណ៍​ពី​ស្ថាន​ភាព​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ ហើយ​ក៏​សម្រួល​ដល់​ការ​វាយតម្លៃ​ពី​ស្ថានភាព ​ពិសេស​នៃ​គ្រួសារ​ផ្សេងៗទៀត​ផងដែរ ៕ដោយ៖បៃ ស៊ីថុន