សាខាកាកបាទក្រហមខេត្ត នាំយកអំណោយចែកជូនពលរដ្ឋជនងាយរងគ្រោះ ក្រីក្រ នៅ ស្រុកបរកែវ

AKP រតនគិរី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ក្រីក្រចំនួន ៥០គ្រួសារ ដែលជ្រើសរើសមកពីឃុំចំនួន ៣ ក្នុងស្រុកបរកែវ ខេត្តរតនគិរី ។

មានប្រសាសន៍សំណេះសំណាលនាឱកាស ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋជាជនងាយរងគ្រោះទាំងអស់ ក្នុងស្រុកបរកែវ ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ ។

«ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានវត្តមានកាកបាទក្រហមចុះជួយជានិច្ច»។ ឯកឧត្តម បានក្រើនរម្លឹកថា បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា ជាសះស្បើយទាំងអស់ទៅហើយក្តី តែយើងមិនត្រូវភ្លេចខ្លួននោះឡើយ ដោយអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ។

ឯកឧត្តម បានបន្ថែមថា ជាពិសេសអាជ្ញាធរ ស្រុក ឃុំ ត្រូវបន្តរួមសហការគ្នាបញ្ជ្រាបការយល់ដឹង និង វិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តដែលបានដាក់ចេញ ឱ្យជ្រួតជ្រាបដល់ពលរដ្ឋក្នុងសហគមន៍ ធ្វើយ៉ាងណាដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាថ្មី ដែលជារលកទី២នោះ។

អំណោយមនុស្សធម៌ដែលត្រូវចែកជូននាពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ០១យួរ, ត្រីខ០១យួរ, ខោអាវ០១កញ្ចប់,​ និង ថវិកា ២ម៉ឺនរៀល៕ដោយ៖ ណយ នឿន (ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី)