សហគ្រិនវ័យក្មេងខេត្តសៀមរាប ចង់ស្តាឡើងវិញលើវិស័យទេសចរណ៍ក្នុងខេត្ត

AKP សៀមរាប ថ្ងៃទី​០​​២ ខែ​មិថុនា ឆ្នាំ២០២០

កាលពីព្រឹកថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសហគ្រិនវ័យក្មេង កម្ពុជាខេត្តសៀមរាប ដែលដឹកនាំដោយលោក ឡាយ គីមសួរ ជាប្រធាន បានចូលជួបពិភាក្សា ស្តីពី ការងារស្តារឡើងវិញលើវិស័យទេសចរណ៍ក្នុងពេលដែល នៅលើពិភពលោក បាន និង កំពុងជួបវិបត្តិជំងឺកូវីដ ១៩។

នៅក្នុងជំនួបនោះលោក ឡាយ គីមសួរ បានស្នើសុំនូវអនុសាសន៍ និង ការណែនាំមួយចំនួនពីឯកឧត្តមអភិបាលខេត្ត ដើមី្បធ្វើការស្តារឡើងវិញនូវសេវាកម្មទេសចរ ក្នុងខេត្ត ស្របពេលដែល ប្រទេសកម្ពុជាបានធូស្រាលពីបញ្ហាវិបត្តិជំងឺកូវីដ ១៩ ហើយដោយនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការ ពង្រីកនូវតំបន់អេកូទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលទៅទស្សនាកម្សាន្ត។

លោក ឡាយ គីមសួរ បានលើកសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត ដើម្បីស្តារឡើងវិញនៅតំបន់ផាប់ស្ទ្រីត ធ្វើឱ្យមានភ្លើងចម្រុះពណ៌ភ្លឺឡើងវិញ និងបង្កើនការ ធ្វើទេសចរដោយជិះកង់ទៀតផង។ ក្នុងនោះដែរ លោក ឡាយ គីមសួរ ក៏បានស្នើសុំឱ្យ ជំរុញវិស័យអប់រំនៅតាមគ្រឹះស្ថានសិក្សាឯកជន និងការអភិវឌ្ឍន៍ដងស្ទឹងសៀមរាប ឱ្យក្លាយ ជាទីកន្លែងជឹះទូកកម្សាន្តនិងការលក់ដូរ ដើមី្បបង្កើនូវប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋ ជំរុញលើវិស័យកសិទេសចរណ៍ នៅតាមបណ្តាភូមិស្រុក និងស្នើសុំឱ្យ មានការបន្ធូរ បន្ថយនូវការបង់ប្រាក់ថ្លៃអគ្គិសនី និងការប្រាក់របស់ធនាគារផងដែរ។

ឯកឧត្តម ទៀ សីហា បានសម្តែងការគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប ដែលបានលើកឡើង ក្នុងគោលបំណងរួមគ្នាស្តារឡើងវិញក្នុងវិស័យទេសចរណ៍ និងបង្កើនការជំរុញវិស័យ កសិទេសចរណ៍នៅតាមបណ្តាភូមិ ស្រុក ក្នុងខេត្តសៀមរាប។ ឯកឧត្តមបានបញ្ជាក់ថា រាល់គំនិត ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជាលើកឡើងនេះ គឺស្ថិតនៅក្នុងគម្រោង របស់ខេត្ត ដែលបានដាក់ទៅក្រសួងក្នុងគោលដៅអភិវឌ្ឍន៍ខេត្ត។ ម៉្យាងទៀត ក្នុងឱកាសដែលភ្ញៀវកំពុងធ្លាក់ចុះ និងជួបនូវវិបត្តិ កូវីដ១៩ អាជ្ញាធរខេត្ត បាន និងកំពុងធ្វើការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និងជនបទ ព្រមទាំងធ្វើការ ជំរុញដល់គ្រប់បណ្តាក្រុង ស្រុក ក្នុងការបង្កើតនូវតំបន់ទេសចរណ៍ ធម្មជាតិក្នុងសហគមន៍របស់ខ្លួន ដើមី្បលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ឱ្យដឹងទៀតថា គម្រោងការជិះកង់ទេសចរនេះ អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា បានបង្កើតផ្លូវសម្រាប់ជិះកង់ប្រកបទៅ ដោយពណ៌បៃតងនៅក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប។

ចំពោះរាល់បញ្ហាដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានលើកឡើងទាំងនោះ ឯកឧត្តមនឹងយកទៅធ្វើការពិភាក្សាជាមួយសាមីក្រសួងពាក់ព័ន្ធក្នុងខេត្ត ហើយព្រមពេលជា មួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដោយបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានធ្វើការរឹតបន្តឹងក្នុងការ អនុវត្តប្រយុទ្ធប្រឆាំងនឹងរលកទី២ នៃជំងឺ កូវីដ១៩ កុំឱ្យ មានការរីករាលដាល នៅក្នុងសហគមន៍។ ដោយកត្តានេះហើយ អាជ្ញាធរខេត្តបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅតាមភោជនីយដ្ឋាន តើគ្រប់ម្ចាស់ភោជនីយដ្ឋានទាំងនោះ បានអនុវត្តន៍ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ អំពីគម្លាតសុវត្ថិភាព ក្នុងការការពារនូវជំងឺកូវីដ-១៩នេះ៕

ដោយ ហង្ស សៀក