អភិបាលរងខេត្តសៀមរាបគូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងទាក់ ទាញភ្ញៀវទេសចរបានប្រមាណជាង៩លាននាក់

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០

អភិបាលរងខេត្តសៀមរាបបានគូសបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ដែលនឹងត្រូវដាក់ដំណើរការនៅឆ្នាំ២០២៣ ហើយអាចទាក់ទាញភ្ញៀវទេសចរ តាមគម្រោង នឹងទទួលបានប្រមាណ៩លាននាក់។ នេះគឺជាការលើកឡើងរបស់ លោក លី  សំរិទ្ធ អភិ បាលរងនៃគណៈអភិបាលខេត្តសៀមរាបក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព និង ទិសដៅការ ងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក លី  សំរិទ្ធ បានលើកឡើងថា ព្រលានយន្តហោះក្រុងសៀមរាបថ្មីនេះ គឺមាន ចម្ងាយប្រមាណ៣០គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុងសៀមរាបដោយបានដំណើរការ សាងសង់អស់រយៈ ជាង១ឆ្នាំមកហើយ។ លោកបានបញ្ជាក់ថាយើងមានក្តីសង្ឃឹម ដោយ សារ រាជរដ្ឋាភិបាលយើងអនុញ្ញាតឱ្យមានព្រលានយន្តហោះអន្តរជាតិបែបនេះ និងអាចឱ្យ យន្ដហោះចុះ ចត គ្រប់ប្រភេទបាន។ ខុសពីព្រលានយន្ដហោះសព្វថ្ងៃនេះគឺពេលខ្លះ ទទួល ចុះចតមានកម្រិតសម្រាប់តែយន្តហោះ ធុនមធ្យមនោះទេដែលអាចចុះចតបាន ចំណែក ធុនធំមិនអាចចុះបានទេ

លោកអភិបាលរងខេត្ដបានបន្ដថា តាមផែនការព្រលានយន្តហោះថ្មីនេះ នឹង សម្រេច ការសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៣  ហើយអាចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផងដែរ។  លោករំពឹងថា នៅពេលដែលដាក់ឱ្យដំណើរការព្រលានយន្ដហោះថ្មីនេះ ខេត្ត សៀម រាប នឹងមានកំណើនទេសចរកើនដល់ប្រមាណ៩លាននាក់ ដែលព្រលានយន្តហោះ ថ្មីនេះ អាចផ្ដល់សេវាកម្មបានក្នុងចំណោមភ្ញៀវទេសចរដែលបានមកកម្សាន្ដក្នុង ខេត្ដ។  

ជាមួយគ្នា នោះដែរ លោកអភិបាលរងខេត្ដបានបន្ថែមទៀតថា ជាទិសដៅបន្ត នៅ ក្នុង ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ដបានធ្វើការប៉ាន់ប្រមាណ ក្នុង ចក្ខុវិស័យយ៉ាងទូលំទូលាយ ក្នុងការកំណត់ដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍ ស្របតាមការ រីកចម្រើនសង្គម ដើម្បី ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សង្គម  បរិស្ថានល្អនិងសេចក្តីថ្លៃថ្នូរ ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕

ដោយ  ប៊ុនរិទ្ធ