មន្រ្តីជាន់ខ្ពស់ខេត្តសៀមរាបអះអាងថា រដ្ឋបាលខេត្តគ្រោងដាក់ឱ្យដំណើរការការិយាល័យ ចេញ-ចូលតែមួយចំនួនពីរបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដើម្បីបង្កភាព ងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព រដ្ឋបាលខេត្តគ្រោងនឹងដាក់ឱ្យដំណើរការការិយាល័យច្រកចេញចូលតែមួយចំនួនពីរ បន្ថែម ទៀត ខណៈបច្ចុប្បន្នខេត្តមានការិយាល័យច្រកចេញចូលតែមួយចំនួន៥រួច ហើយ នោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តី ការ គណៈរដ្ឋមន្រ្តី លោក លី សំរិទ្ធអភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា ការិយាល័យច្រក ចេញចូល តែមួយចំនួនពីរនេះ គឺមាននៅក្នុងស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។ លោកបន្តថា ដោយឡែកស្រុកដែលមិនទាន់មានការិយាល័យច្រកចេញចូលតែមួយនេះ រួមមាន៖ ស្រុកអង្គរធំ ស្រុកស្រីស្នំ ស្រុកអង្គរជុំ ស្រុកវ៉ារិន និងស្រុកស្វាយលើ។ លោក អភិ បាលរងខេត្ដបានបន្ដទៀតថា ចំពោះបញ្ហានេះ ខេត្តបានលើកគម្រោងសាងសង់អគារឱ្យ បានរួចរាល់នៅឆ្នាំ២០២០នេះ។ លោកបានបន្ថែមថា ទាក់ទងនឹងការងារផ្តល់សេវាតាម ច្រក ចេញចូលតែមួយនេះ គឺរដ្ឋបាលខេត្តបានទទួលសំណើសុំសេវាសរុបចំនួនជាង ១ម៉ឺន ៦ពាន់សេវា ដែលគិតជាចំណូលសេវាប្រមាណជាជាង៥ពាន់លានរៀល លើវិស័យ ចំនួន ១៣ដែលបានផ្តល់ដោយច្រកចេញចូលតែមួយនេះ។

សូមជម្រាបជូនថា រដ្ឋបាលក្រុង ស្រុក ដែលមានការិយាល័យច្រកចេញចូលតែ មួយនៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ គឺមានចំនួន៥ រួមមាន៖ ក្រុងសៀមរាប ស្រុកពួក ស្រុកជីក្រែង ស្រុកសូទ្រនិគម និងស្រុកក្រឡាញ់

ដោយ ចាន់សុធីវង្ស