កម្ពុជានិងអង្គការសហប្រជាជាតិ ចុះកិច្ចព្រមព្រៀងរួមគ្នាលើកម្មវិធីការងារ​សមរម្យ​សម្រាប់​ យុវជនក្នុងដំណាក់​កាលទី២ ក្នុងទឹកប្រាក់ជាង៨លានដុល្លារ រយៈពេល៤ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី០​២ ខែមិថុនា ឆ្នាំ២០២០–

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយ​តំណាង​ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួន៤ រួមមាន អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការUNIDO ដោយមានការគាំទ្រពីទី​ភ្នាក់ងារស្វីសសម្រាប់ការ​អភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) ដើម្បីអនុវត្តន៍កម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ដំណាក់កាលទី២ ក្នុងការបន្តលើកកម្ពស់ការងារសមរម្យរបស់យុវជន និងកាត់បន្ថយ​វិសមភាពនៅក្នុងប្រទេស។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា និងលោកស្រី Pauline Tamesis អ្នក​សម្រប​សម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដី​ក្រសួងការងារ។

កម្មវិធីការងារសមរម្យសម្រាប់យុវជន(DEY) ក្នុងដំណាក់កាលទី២នេះគឺមានថវិកា​ចំនួន ៨.៤៨ លានដុល្លារអាម៉េរិក ក្នុងនោះទឹកប្រាក់ចំនួន ៤ លានដុល្លារ ជាថវិកាផ្តល់ ដោយទី​ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងចំនួន ៤.៤៨ លានដុល្លារទៀត ជាថវិកាដែលបានមកពីមូលនិធិស្នូលរបស់ទីភ្នាក់ងារ ដែលចូលរួមនៅ​ក្នុងកម្មវិធីនេះពីអ្នកផ្តល់ជំនួយដទៃទៀត ពីវិស័យឯកជន ពីរាជរដ្ឋាភិបាល​កម្ពុជា។ គម្រោងនេះ មានរយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ កម្មវិធីនេះ នឹងផ្តល់ឱ្យយុវជនដែលបោះបង់ការសិក្សា និងងាយរងគ្រោះនូវ កញ្ចប់ការសិក្សា ប្រកបដោយនវានុវត្តន៍ ដែលរួមបញ្ចូលនូវជំនាញបច្ចេកទេស ជំនាញ​សហគ្រិន ជំនាញទន់ និងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការណែនាំពីមុខរបរដែល​កំពុងមាន តម្រូវការ ដើម្បីធានាថាពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជា ស្រេច សម្រាប់ការងារប្រកបដោយគុណភាព។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃ ជំងឺ កូវីដ-១៩នេះ កម្មវិធីនេះ ក៏ជួយគាំទ្រផ្នែកគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុង​ការ​ឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ និងបន្ទាប់ពីជំងឺនេះបានផុតរលត់ទៅនោះ។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ប្រទេសកម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាការផ្លាស់ប្តូរបរិយាកាសប្រព័ន្ធឌីជីថល និង​ប្រជាសាស្ត្រ។ លោកស្រីបានបន្ដថា យុវជនជាស្រី្ត និងបុរសវ័យក្មេងចំនួន ១៦០,០០០​នាក់បានចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ និងត្រូវការជា​ខ្លាំងនូវជំនាញ និងសមត្ថ​ភាពក្នុងការដោះស្រាយនូវបញ្ហាទាំងអស់នេះ។ លោកស្រីបានបន្តទៀតថា កម្មវិធីដំណាក់​កាលទី២នេះនឹងទាញយកផលប្រយោជន៍ពីការចូលរួមរបស់វិស័យឯកជន រួមមាន៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក្នុងបេសកកម្មសម្រប​សម្រួល​ការផ្លាស់ប្តូរពីសាលារៀនទៅកន្លែងធ្វើការ និងការចូលរួមកាត់បន្ថយការមិន​ស៊ី​ចង្វាក់គ្នានៃជំនាញរបស់យុវជនវ័យក្មេងនៅកម្ពុជា។

លោកស្រី Carin Salerno តំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ច​សហ​ប្រតិបត្តិការ(SDC)បានសម្ដែងនូវការរីករាយក្នុងការចូលរួម និងបន្តកិច្ចសហប្រតិបត្តិការក្នុង​ភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បី​គាំទ្រ​យុវជនវ័យក្មេងនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានបន្ថែមថា កម្មវិធីនេះ នឹងចូល​រួម​ជួយដល់ជនដែលរងគ្រោះដោយជំងឺរាតត្បាត ដើម្បី​ជម្នះនឹងបញ្ហាការងារ​នាពេល​បច្ចុប្បន្ន និងត្រៀមខ្លួនជាស្រេចសម្រាប់តម្រូវការការងារ នាថ្ងៃអនាគត បន្ទាប់ពីគ្រោះ​មហន្តរាយនេះ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បានមានប្រសាសន៍ថា ក្នុងដំណាក់កាល​លំបាកនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ពិតជា​មានសេចក្តីរីករាយណាស់ ដែលបានឃើញដៃគូអភិវឌ្ឍន៍​ក្នុងប្រទេស ក៏ដូចជាដៃគូ​អភិវឌ្ឍន៍​អន្តរជាតិបានរួមគ្នាគាំទ្រដល់យុវជនវ័យក្មេង​ងាយរង​គ្រោះនៅកម្ពុជា ដើម្បីចូល​រួម​​ចំណែក​ជួយជម្នះនូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងកសាងអនាគតការងារ​ដ៏ភ្លឺស្វាង សម្រាប់ពួកគេនាពេលខាងមុខ។

សូមបញ្ជាក់ថា កម្មវិធីការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២នេះ មាន​គោលបំណងគាំទ្រដល់ស្ត្រី និងបុរសវ័យក្មេងនៅកម្ពុជា ដើម្បីឱ្យពួកគេកាន់តែអាច​ទទួល​បានឱកាសសមរម្យប្រកបដោយផលិតភាព តាមរយៈការធានាឱ្យពួកគេកាន់តែមានលទ្ធ​ភាពឆ្លើយតបចំពោះតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនដើម្បីទទួលបានការងារ ប្រកប​ដោយគុណភាព។ សម្រាប់កម្មវិធីនេះ ក៏មានយុវជន ១៧០.០០០នាក់ (ស្រី ៥០ភាគរយ) នឹង ទទួលបានផលដោយផ្ទាល់ពីកម្មវិធីការងារសមរម្យសម្រាប់យុវជនដំណាក់​កាលទី២​នេះ។ ទន្ទឹមនេះ ដើម្បីសម្រេចបានលទ្ធផល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យ​បាន​ជាអតិបរមា នៅ​ក្នុងដំណាក់កាលទី២នេះ កម្មវិធី DEY នឹងផ្តោតជារួមលើគ្រប់​សកម្មភាព​ទាំងអស់​ក្នុង​វិស័យចំនួន ៤ មានទេសចរណ៍ កសិឧស្សាហកម្ម សំណង់ និងកម្មន្តសាល។ កម្មវិធីនេះ ក៏មានគោលបំណងរួមចំណែកដល់ការអនុវត្តគោលនយោបាយឆ្លើយ​តប​ចំពោះ​ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជាសកល​នេះផងដែរ ជាពិសេសដើម្បីជួយដោះស្រាយបញ្ហាការងារ និងប្រាក់ចំណូលរបស់ប្រ​ជា​ពលរដ្ឋ៕ដោយ៖រិទ្ធី