លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌល

AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០–

នៅថ្ងៃច័ន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអបអរសាទរខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៩ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ចខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកនូវថវិកា នំភីហ្សា ភេសជ្ជៈ មួយចំនួនទៅចែកជូនដល់កុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ លោកជំទាវ ឈឹម ស្រីមុំ ឈូរ ច័ន្ទឌឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននឹងកំពុងស្នាក់នៅគ្រប់មណ្ឌលកុមារកំព្រាទូទាំងប្រទេស។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សាអនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ។ ចំពោះលោកគ្រូ អ្នកគ្រូវិញ ត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និងធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងនេះ ឱ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។

លោកជំទាវ បានបញ្ជាក់ថា បច្ចុប្បន្ននេះជំងឺកូវីដ-១៩ បានរាតត្បាតនៅទូទាំងសកលលោក ដូចនេះការរស់នៅក្នុងមណ្ឌលសូមក្មួយៗ ចៅៗត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស លាងសម្អាតដៃ នឹងសាប៊ូ អាល់កុលជាប់ជាប្រចាំ និង ការដាក់គម្លាតក្នុងការប្រាស្រ័យទាក់ទងគ្នាផងដែរ ។

នៅក្នុងឱកាសនោះ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន បាននាំយកអំណោយផ្ទាល់ខ្លួន ចែកជូនដល់កុមារកំព្រាចំនួន ៣០នាក់ ដោយក្នុងម្នាក់ៗទទូលបាន នំភីហ្សា១, ភេសជ្ជៈ, ថវិកា ១ម៉ឹនរៀល ។ ព្រមទាំងផ្តល់អង្ករ ១០០គីឡូក្រាម និង ចែកជូនថវិកាដល់លោកគ្រូអ្នកគ្រូដែលគ្រប់គ្រង មើលថែកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រានោះផងដែរ ៕ ដោយ៖បៃ ស៊ីថុន