លោកជំទាវ ម៉ែន សំអន ជំរុញឱ្យមន្ត្រីជំនាញពន្លឿនការធ្វើបច្ចុប្បន្នភាព កំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រឱ្យបានឆាប់រហ័ស

AKP ស្វាយរៀង ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០–

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រកដំណោះស្រាយ ជួយប្រជាពលរដ្ឋក្រីក្រនៅខេត្តស្វាយរៀង ដែលប្រឈមមុខនឹងការខ្វះស្បៀងក្នុងអំឡុង ពេលនៃការរីករាលដាលមេរោគកូវីដ-១៩ នាព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងនូវការកោត សរសើរចំពោះ  ឯកឧត្ដម លោកជំទាវ  លោក លោកស្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី  អភិបាល ក្រុង ស្រុកទាំង ៨ ដែលបាន បំពេញ ការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ នាពេលកន្លងមក ហើយកិច្ចប្រជុំថ្ងៃនេះ គឺធ្វើឡើង ដើម្បីឆ្លើយតបនឹងសេចក្តីណែនាំលេខ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រអំឡុង ពេលនៃការ រីករាលដាលជំងឺកូវីដ-១៩។

លោកជំទាវក៏បានស្នើឱ្យ៖ ១. ប្រធានក្រុមការងារចុះតាមក្រុង ស្រុក និងមន្រ្តីជំនាញ ទាំងអស់ ត្រូវជំរុញអនុវត្តន៍ឱ្យបានតាមសេចក្តីណែនាំលេខ១៧ របស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈប្រជុំនាព្រឹកនេះ ត្រូវសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវសម្រេច ធ្វើឱ្យបានចប់សព្វគ្រប់នៅក្នុងខែឧសភា ឆ្នាំ២០២០នេះ ចំពោះតំបន់ជនបទ និងតំបន់ ទីប្រជុំជន ឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ។

២.ត្រូវដាក់ចេញនូវផែនការកម្មវិធី ការងារឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និងក្រ.២ ដែលមន្ទីរផែនការបានស្រង់រួចហើយ និងត្រូវបញ្ជាក់ឡើងវិញ ឱ្យបានច្បាស់លាស់ ពិសេសអ្នកបានទទួលប័ណ្ណសមធម៌ និងអ្នកមិនទាន់បានទទួល ប័ណ្ណសមធម៌ ដើម្បីបំពេញបន្ថែមទិន្នន័យថ្មីនេះ។៣.ត្រូវតាមដានការផ្តល់សាច់ប្រាក់ដែល បានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំ សតិអារម្មណ៍ ចៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងចៀសវាងការចោទប្រកាន់បក្សពួក។ ពិសេស ក្រុង ស្រុកទាំងអស់ត្រូវ ដឹកនាំផ្សព្វផ្សាយ និងចៀសវាងឱ្យបាននូវបុគ្គលដែលទទួលបានការបណ្តុះបណ្តាល តែអ្នកអនុវត្តន៍ជាបុគ្គលផ្សេង ដែលជាហេតុធ្វើឱ្យការងារដំណើរការមិនបានល្អ។  

៤. មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងអប់រំប្រជាពលរដ្ឋ ក្នុងការ បង្កើនការផលិតកម្មផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ជាពិសេស ត្រូវផ្តោតលើបន្លែដែលពុំប្រើប្រាស់ជីគីមី។ ៥. អជ្ញាធរពាក់ព័ន្ធគ្រប់មូលដ្ឋានត្រូវពង្រឹងឱ្យបាន ប្រសិទ្ធភាពនូវភូមិ-ឃុំមានសុវត្ថិភាព និងពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោគថ្មីដែលបាន និងកំពុងអនុវត្តន៍ពេលបច្ចុប្បន្ន៕ ដោយ​៖ សួស  សំរិត