សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសនានា តម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០–

ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីប្រចាំ បណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំមុនចេញទៅ បំពេញបេសកកម្មការទូតនៅក្រៅប្រទេស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទាំងនោះ ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុង កាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច និងត្រូវពង្រឹង ពង្រីក ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួត ថែមទៀត ដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រទេសជាតិ។

សម្តេចប្រធានរដ្ឋសភា បានណែនាំ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតដែលទើប តែងតាំងបន្ថែមថា ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ  និងសេចក្តីថ្លៃថ្នូរ ដោយ ត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ទាំងផ្នែកសិល្បៈវប្បធម៌ ប្រពៃណីរបស់ខ្មែរ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីអត្តសញ្ញា ណរបស់ជាតិ ដែលមានវប្បធម៌ផូរ ផង់ តាំងពីសម័យអង្គរមក។

សម្តេចបានជំរុញដល់ឯកអគ្គរាជទូតទាំងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្រប សម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈការរាតត្បាត នៃមេរោគកូវីដ១៩ ជាមួយនឹងវិធានការការពារ និងការធ្វើដំណើរ ដោយបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឱ្យគ្នាទៅ វិញទៅមក រវាងស្ថានទូត និងប្រជាពលរដ្ឋខ្មែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់ឯកឧត្តម លោកជំទាវ ដែល តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិនេះ  ត្រូវធ្វើការពន្យល់ឱ្យបាន ច្បាស់លាស់ ចំពោះទង្វើបំភ័ន្តមតិមហាជន អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្សរបស់កម្ពុជា ដែលមតិអគតិខាងក្រៅតែងតែបំផ្លើសការពិត ក្នុងគោលបំណង បន្តុះបង្អាប់ និងកៀបសង្កត់មកលើរាជរដ្ឋាភិបាល ពិសេសត្រូវចុះឈ្វេងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ជាក់ស្តែងអំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងប្រជាពលករខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស។

សម្តេចបានលើកឡើងថា ក្នុងកាលៈទេសៈបច្ចុប្បន្ន បច្ចេកវិទ្យាព័ត៌មានវិវឌ្ឍន៍ យ៉ាងឆាប់រហ័យ និងសភាពការណ៍តំបន់ និងពិភពលោកប្រែប្រួលឥតឈប់ឈរនោះ ឯកអគ្គរាជទូត  ត្រូវមានភាពអន្តរសកម្មជានិច្ច ដោយត្រូវក្តាប់ឱ្យបានច្បាស់នូវសភាពការណ៍ និងព័ត៌មានទាំងអស់ ហើយត្រូវបង្កលក្ខណៈងាយស្រួលលើ សេវាកម្មនានា របស់ស្ថានទូត លើកកម្ពស់ សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់  ហើយត្រូវបង្កើន កិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែលឯកឧត្តម លោកជំទាវ ជាតំណាងនៅទីនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ទាំងអស់ នឹងប្រតិបត្តិតួនាទីរបស់ខ្លួន បានល្អជានិច្ច ស័ក្តិសមជាឯកអគ្គរាជទូត ដែលរាជរដ្ឋាភិបាលបានផ្តល់នូវទំនុកចិត្ត និងសូមជូនពរឯកឧត្តម លោក ជំទាវទាំងអស់ មានសុខភាពល្អ និងទទួលបានជោគ ជ័យក្នុងបេសកកម្មការទូត ដើម្បីឧត្តមប្រយោជន៍ជាតិ។

សូមបញ្ជាក់ថា ឯកអគ្គរាជទូត ដែលទើបតែងតាំង ដែលបានចូលសម្តែងការគួរ សមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីទទួលបានអនុសាសន៍ណែនាំ មុនចេញទៅបំពេញបេសកកម្មការទូត នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ រួមមាន៖ ១- ឯកឧត្តម កាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស, ២- ឯកឧត្តម តាន់ វុដ្ឋា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែប៊ី, ៣- ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី, ៤- ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង, ៥- លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ៦- ឯកឧត្តម សៀង ប៊ុនវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ, ៧- លោកជំទាវ ផែន សាវនី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ៨- ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និង៩- ឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី៕ ដោយ៖ ប៉ាល់ សុង