បទវិចារណកថា៖ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំនេះមិនបានឈប់សម្រាក ហើយត្រូវប្រឈមនឹងកូវីដ១៩ទៀត ប៉ុន្តែកុមារម្នាក់ៗគួរមានអ្វីពិសេសនៅក្នុងគ្រួសារ  

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ —

ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ គឺជាថ្ងៃអបអរសារទរខួបលើកទី៧១ ទិវាកុមារអន្តរជាតិ ដែលជារៀងរាល់ឆ្នាំមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន កម្មករ និងកម្មការនីនៅទូទាំងប្រទេស បានឈប់សម្រាកចំនួនមួយថ្ងៃ ប៉ុន្តែឆ្នាំនេះទិវានេះលែងនៅក្នុងបញ្ជី នៃថ្ងៃឈប់សម្រាក ដែលអនុម័តដោយរាជរដ្ឋាភិបាលទៀតហើយ ដោយសារតែរាជរដ្ឋាភិបាលបានកែសម្រួលដើម្បីជំរុញសកម្មភាពការងារនៅក្នុងប្រទេស ហើយមិនតែប៉ុណ្ណោះវាក៏ជាថ្ងៃដែលត្រូវបា្ររព្ធឡើងចំអំឡុងពេល នៃការរីករាលដាលនៃមេរោគកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នថែមទៀត ប៉ុន្តែសួរថាតើយើងទាំងអស់គ្នាគួរបំភ្លេច ឬមិនប្រារព្ធវា ឬមិនរម្លឹកថ្ងៃនេះបានដែរទេ ?

បាន ឬមិនបានគឺជាសិទ្ធិរបស់អស់លោក-លោកស្រី ដែលជាមាតាបិតា នៅក្នុងការសម្រេចចិត្ត ប៉ុន្តែទោះបីជាថ្ងៃនេះមិនបានឈប់សម្រាកក៏ពិតមែន ក៏ថ្ងៃនេះនៅតែជាថ្ងៃដ៏មានអត្ថន័យសម្រាប់កុមារជាអន្តរជាតិ ហើយសូម្បីតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏លោកមិនភ្លេចថ្ងៃនេះ គឺជាថ្ងៃពិសេសសម្រាប់កុមារដែរ ដោយលោកចេញនូវសារមួយផ្ញើជូនជនរួមជាតិ ដើម្បីរួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរថែមទៀត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ចំនួន៦ចំណុច ដែលខ្លឹមសារនៃអនុសាសន៍ទាំងអស់គឺសុទ្ធតែដើម្បីលើកស្ទូយសិទ្ធិកុមារកម្ពុជា ហើយក្រៅពីការជំរុញ និងលើកស្ទួយហើយនោះ ក៏បានរំលេច និងរម្លឹកទាំងអស់គ្នាអំពីផលប៉ះពាល់ នៃការរីករាលដាលមេរោគកូវីដ១៩ ដែលនៅពេលនេះនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសនានា ជុំវិញពិភពលោក។ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តជំរុញ និងលើកទឹកចិត្តឱ្យគ្រប់គ្នាយកចិត្តទុកដាក់ការពារ និងបង្ការទាំងអស់គ្នាជាពិសេសកុមារនៅក្នុងប្រទេស កុំឱ្យរងគ្រោះដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩ ។

អស់លោក-លោកស្រី ប្រសិនបើថ្ងៃនេះមិនមែនជាពេលវេលាដែលពិភពលោកកំពុងតែរាតត្បាតនឹងមេរោគកូវីដ១៩ទេនោះ ម្នាក់ៗទោះបីជាថ្ងៃនេះជាថ្ងៃដើមសប្តាហ៍ ហើយមិនឈប់សម្រាកក៏ដោយចុះ ក៏យើងខ្ញុំជឿថា ម្នាក់ៗនឹងយកថ្ងៃនេះធ្វើសកម្មភាពនានាដូចជានាំកូនៗដើរកម្សាន្ត និងហូបចុក នៅកន្លែងនេះ កន្លែងនោះជាដើម នៅពេលអស់លោកចប់ម៉ោងការងារ ឬការទទួលខុសត្រូវ ប៉ុន្តែជាអកុសលឆ្នាំនេះពិភពលោកត្រូវបានរាតត្បាតដោយជំងឺកូវីដ១៩ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយបើសិនជាអាច កុំដើរទៅទីណាដែលមានមនុស្សច្រើន ប៉ុន្តែមិនមែនមានន័យថា យើងមិនធ្វើអ្វីសោះសម្រាប់បុត្រធីតារបស់អស់លោក-លោកស្រីនោះទេ ។

យើងខ្ញុំដឹងថា ក្មួយៗកុមារា និងកុមារីនានា ពិតជាធុញថប់យូរណាស់មកហើយ ក្រោយពេលដែលក្រសួងអប់រំ យុវជន និងកីឡាឱ្យក្មួយៗសម្រាកវិស្សមកាលតូចដែលមានរយៈពេលយូរជាងវិស្សមកាលធំទៅទៀត ហើយការសម្រាកលើកនេះមិនមែនសម្រាកដូចឆ្នាំមុនៗទៅទៀត ដោយពួកគេមិនអាចទៅនេះធ្វើនោះបានឡើយដោយសារតែជំងឺកូវីដ១៩។

អស់លោក-លោកស្រី យើងខ្ញុំដឹងថា ក្មេងៗពិតជាធុញថប់នឹងការដែលពួកគេនៅតែផ្ទះ ហើយរៀនតែតាមអនឡាញ តាមរយៈបច្ចេកទេស នៃការសិក្សាពីចម្ងាយ ដូច្នេះពេលវេលានេះពិតជាពិបាកសម្រាប់ពួកគេមែន ខណៈដែលយើងជាអាណាព្យាបាលអាចបន្តការងារបានជាប្រក្រតី ដូច្នេះយើងទាំងអស់គ្នា ត្រូវតែព្យាយាមលើកទឹកចិត្ត ហើយរកអ្វីដើម្បីជួយសម្រួលដើម្បីឱ្យពួកគេមានអារម្មណ៍ប្រសើរ និងប្រក្រតី ហើយក៏អាចនឹងជួយឱ្យពួកគេនៅឆ្ងាយពីឧបករណ៍អេឡិចត្រូនិចនានា ដែលអាចនឹងប៉ះពាល់ដល់ចក្ខុប្រសាទ និងខួរក្បាលរបស់ពួកគេ ហើយក៏អាចនឹង ប្រឈមនឹងបញ្ហាផ្លូវចិត្តផងដែរ។ ការសិក្សាតាមអនឡាញតម្រូវឱ្យពួកគេនៅជាប់ជាមួយនឹងសម្ភារអេឡិចត្រូនិច ដែលវត្ថុទាំងនេះគឺជាអាវុធមុខពីរសម្រាប់កុមារ ដូច្នេះសូមអស់លោក-លោកស្រីជាអាណាព្យាបាល ត្រូវតែរិះគិតហើយសូមកុំធ្វេសប្រហែស ។

សកម្មភាពដែលអាណាព្យាបាលគួរតែឆ្លៀតពេលធ្វើជាមួយនឹងកុមារដែលជាបុត្រធីតានៅថ្ងៃនេះ គឺអាចជាការជួបជុំគ្នាធ្វើកិច្ចការផ្ទះ ណាត់គ្នាធ្វើម្ហូប ញ៉ាំអីជុំគ្នានៅក្នុងគ្រួសារតូចនីមួយៗ ដែលសមាជិកគ្រួសារអាចជួយគ្នា បន្ទាប់មក អាចរកល្បែងណា ដែលសប្បាយៗ ដូចជាប្រឡងនិទានរឿង ប្រឡងគំនូរ ប្រណាំងគ្នាលាងចាន ពោលគឺធ្វើនេះធ្វើនោះ រួមទាំងសួនធម្មជាតិ។ល។ សកម្មភាពទាំងនេះក្រៅពីបង្ហាញនូវភាពកក់ក្តៅនៅក្នុងចិត្តហើយនោះ ក៏បង្ហាញពីភាពស្និទស្នាលនៅក្នុងគ្រួសារ ហើយអាចឱ្យកុមារាកុមារីអាចស្គាល់អាចដឹងអំពីបំណិនជីវិតនៅក្នុងគ្រួសារ ហើយគ្រួសារយើងទាំងអស់គ្នាក៏មានសុវត្ថិភាព ពីមេរោគកូវីដ១៩ ថែមទៀត ។

ទាំងនេះគឺជាគំនិតដ៏ស្តួចស្តើង ហើយយើងខ្ញុំគិតថា អស់លោក-លោកស្រីមួយចំនួន ក៏មានគំនិតហើយ និងបទពិសោធន៍ថែមទៀតនៅក្នុងការធ្វើយ៉ាងណាឱ្យថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ អាចជាពេលវេលាមួយដែលនាំមកនូវសេចក្តីសុខ និងសុភមង្គលសម្រាប់បុត្រធីតា នៅក្នុងគ្រួសារ នៅក្នុងសហគមន៍ របស់អស់លោក-លោកស្រី ។ នៅក្នុងនាមអគ្គនាយដ្ឋានទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) យើងខ្ញុំសូមឆ្លៀតឱកាសនេះជូនពរ និងប្រសិទ្ធិពរជូនអស់លោក-លោកស្រី សូមរីករាយជាមួយនឹងស្នាមញញឹមដ៏បរិសុទ្ធ និងភាពកក់ក្តៅនៅក្នុងចិត្តជាមួយនឹងក្រុមគ្រួសារ និងបុត្រធីតារបស់អស់លោក-លោកស្រី៕ ដោយ៖ ហេង បញ្ញា