តំណាងឯកអគ្គរាជទូតកម្ពុជាចំនួន៩រូប ប្តេជ្ញាស្វែងរកដំណោះ​ស្រាយបញ្ហាលំបាក​ ជូនប្រជាពលរដ្ឋ​ខ្មែរ​ ខណៈពេលកំពុងជួបបញ្ហាកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០–

តំណាងឯកអគ្គរាជទូតកម្ពុជាចំនួន៩រូប ដែលនឹងត្រូវចេញទៅបំពេញបេសកកម្មការទូត​នៅនា​ពេលខាងមុខនេះបានប្តេជ្ញាថា នឹងខិតខំដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ​របស់ខ្លួន ពិសេសនោះគឺក្នុងអំឡុងពេលជួបបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងតែម្តង។

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលារបស់ឯកអគ្គរាជទូតព្រះរាជាណាចក្រ​កម្ពុជា ទើបតែងតាំងថ្មី ប្រចំាបណ្តាប្រទេសនានា និងទទួលអនុសាសន៍ណែនាំ មុន​ចេញ​ទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេសជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ឯកឧត្ដម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង តំណាងឱ្យឯកអគ្គរាជទូត​ផ្សេងទៀតបានគូសបញ្ជាក់ថា ការងារដំបូងដែលឯកអគ្គរាជទូតទាំងអស់ត្រូវធ្វើនិងបំ​ពេញ​ បេសកកម្មនោះគឺដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋ  ក៏ដូចជានិស្សិត ពល​ករដែល​កំពុងរស់នៅប្រទេសដែលខ្លួនបំពេញបេសកកម្ម ជាពិសេសបញ្ហានោះដោះ​បញ្ហា​ជំងឺកូវីដ- ១៩តែម្តង។ ឯកឧត្ដមបានបន្តថា ការងារដែលឯកអគ្គរាជទូតត្រូវធ្វើទៀតនោះគឺការ​ការពារ​ឱ្យ​ខានតែបាននូវឯករាជ្យ និងអធិបតេយ្យភាពរបស់ជាតិ។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “ថ្ងៃនេះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាតឱ្យយើងខ្ញុំ៩នាក់ ចូលជួប​សម្តែង ការជួបសម និងជម្រាបលា មុនពេលចេញទៅបំពេញបេសកកម្មការទូតនៅក្រៅ​ប្រទេស។ យើងបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយ ចិត្តក្នុងការខិតខំ​បំពេញ​ការងារផ្នែកការទូតនេះ ដើម្បីការពារនូវផលប្រយោជន៍ស្នូលរបស់ ជាតិក្នុងការការ​ពារឱ្យខានតែបាននូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា  ក៏ដូចជាឧត្តមប្រយោជន៍​របស់កម្ពុជា”។

ឯកឧត្ដមបានបន្ដទៀតថា តំណាងឯកអគ្គរាជទូតទាំងអស់នឹងខិតខំអនុវត្តនូវការ​ងារការទូត សេដ្ឋកិច្ច ដើម្បីធ្វើ យ៉ាងណាទាក់ទាញអ្នកវិនិយោគ មក​បណ្តាក់ទុននៅកម្ពុជា ក្នុងការកម្ពស់សេដ្ឋកិច្ច សង្គមរបស់កម្ពុជាក៏ដូចជាការខិតខំសម្របសម្រួលអនុវត្តន៍​នូវការ​ទូតផ្នែកសភាក្នុងការភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គនីតិប្បញ្ញាត្តិកម្ពុជា ជា​មួយបណ្តាប្រទេសជាមិត្ត។

ជាមួយគ្នានេះដែរ ក្នុងជំនួបជាមួយតំណាងឯកអគ្គរាជទូតទាំងអស់ក៏បានទទួលនូវ​អនុ​សាសន៍ពីសម្តេចប្រធានរដ្ឋសភា ដែលសម្តេចបានផ្តាំផ្ញើរថា​ក្នុងនាមជាឯកអគ្គរាជ​ទូត​កម្ពុជាគឺត្រូវខិតខំបំពេញការងារ​និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ​ប្រទេសជា​មិត្ត​លើគ្រប់វិស័យ ជាពិសេសនោះ គឺការការពារឯករាជ្យ អធិបតេយ្យភាព ដែលជាឧត្តម​ប្រយោជន៍របស់កម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ណែនាំ​ដល់ឯក​អគ្គ​រាជ​ទូត​ទាំងអស់ ត្រូវពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការ និង​សាមគ្គី​ភាពទ្វេភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួតដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា។ ទន្ទឹម​នេះ ចូល​រួមលើកកម្ពស់នូវអត្តសញ្ញាណជាតិនិងសេចក្តីថ្លៃថ្នូររបស់ជាតិ ដោយខិត​ខំ​ផ្សព្វផ្សា​យ ឱ្យបណ្តាប្រទេសជាមិត្តយល់ច្បាស់ពីការពិតរបស់កម្ពុជា និងផ្សព្វផ្សាយអត្តសញ្ញាណជាតិ ដូចជា វិស័យសិល្បៈ  វប្បធម៌ ប្រពៃណីរបស់ខ្លួនដែលមានជាយូរលង់មក​ហើយ។

សម្តេច ប្រធានរដ្ឋសភាក៏បានជំរុញដល់តំណាងឯកអគ្គរាជទូត ត្រូវខិតខំធ្វើយ៉ាងណាក្តាប់ឱ្យបាន នូវ​ការវិវត្តពីស្ថានភាពសេដ្ឋកិច្ច នយោបាយ  ហើយត្រូវធ្វើយ៉ាងណា​ពន្យល់​ឱ្យបណ្តា ប្រទេសជាមិត្តយល់ច្បាស់ពីកម្ពុជា ក្នុងនោះត្រូវក្តាប់ឱ្យ​បាននូវមតិ​អមិត្ត​ដែល​​មានចេតនា ក្នុងការបំផ្លាញ និងដាក់សម្ពាធមកលើកម្ពុជា។ សម្តេចប្រធានរដ្ឋ​សភា​ក៏បានណែនាំបន្ថែម ឱ្យឯកអគ្គរាជទូត ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាផ្សេងៗដល់​ប្រ​ជាពលរដ្ឋ ក៏ដូច​ជា​និស្សិត ពលករ ដែលកំពុងរស់នៅក្នុងប្រទេសដែលឯកឧត្ដមទាំង​អស់​នឹងត្រូវទៅ​បំពេញ​បេសកកម្ម ជាពិសេស ត្រូវឈ្វេងយល់ និងរកដំណោះស្រាយជូន​ពូកគាត់​ផងដែរ។

សូមជម្រាបថា ឯកអគ្គរាជទូតកម្ពុជាដែលទើបតែងតំាងទាំង៩រូប នឹងត្រូវចាក​ចេញពីប្រទេសដើម្បីបំពេញបេសកម្មនៅបណ្តាប្រទេសនានានៅពេលខ្លីខាងមុខនេះ រួម​មាន៖ ១- ឯកឧត្ដម កាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស ២- ឯកឧត្ដម តាន់ វុដ្ឋា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែប៊ី ៣- ឯកឧត្ដម មាស គឹមហេង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី ៤- ឯកឧត្ដម កេត សោផាន់ ឯកអគ្គរាជ ទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ៥- លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៦- ឯកឧត្ដម សៀង ប៊ុនវុធ ឯកអគ្គរាជ ទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ៧- លោកជំទាវ ផែន សាវនី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ៨- ឯកឧត្ដម អ៊ីវ ហ៊ាង ឯកអគ្គ​រាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី ៩- ឯកឧត្ដម សុខ ខឿន ឯកអគ្គរាជទូត​កម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី៕

ដោយ៖ ប៊ុនរិទ្ធ