កីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិ និងពានសម្តេចក្រឡាហោម ចាប់ផ្តើមពាក់កណ្តាលខែមិថុនានេះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា មានប្រសាសន៍ថា នៅចន្លោះថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ នឹងរៀបចំការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង បន្ទាប់ពីមានការពន្យារពេលដោយសារវិបត្តិជំងឺកូវីដ-១៩។

ក្រោយសកម្មភាពកីឡានានាត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាជំហានៗឡើងវិញនោះ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងត្រូវរៀបចំការប្រកួតជាថ្មីក្រោយពន្យារពេលតាំងពីខែមីនា មកម្ល៉េះ។ ឯកឧត្តម ជា ប៊ុនហេង បន្ថែមថា យើងនឹងអនុវត្តន៍តាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន តាមរយៈការថែរក្សាអនាម័យជូនដល់អ្នកចូលរួមនានា ជាពិសេសគឺកីឡាករ កីឡាការិនីទាំងអស់ តាមរយៈការផ្តល់ជូនអាល់កុល ម៉ាស់ និងសាប៊ូលាងដៃជាដើម ដើម្បីរក្សាសុវត្ថិភាព។ យើងនឹងស្នើសុំនាយកដ្ឋានជំនាញ រួមទាំងក្រុមគ្រូពេទ្យជួយបញ្ហាអនាម័យ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះដំណើរការដោយរលូន។

ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍បន្ថែមទៀតថា ចំពោះការត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាសូហ្វេតេន្នីសជើងឯកអាស៊ីអាគ្នេយ៍របស់កម្ពុជា ក៏នៅតែរក្សាដដែល ដោយគ្រាន់តែពន្យារពេលសិនតែប៉ុណ្ណោះ អាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ ល្អប្រសើរឡើងនៅក្នុងតំបន់។ «យើងចេះតែបារម្ភអំពីការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍នេះ ដែលត្រូវពន្យារពេលដូចគ្នា ហើយក៏មិនទាន់អាចបញ្ជាក់ពីការបរិច្ឆេទថានឹងត្រូវប្រកួត នៅពេលណានោះដែរ។ បើយើងប្រកួត ក្នុងប្រទេសចេះតែអាចប្រកួតបានហើយ ហើយបើប្រកួតអន្តរជាតិ មានអ្នកក្រៅប្រទេសចូលរួមប្រកួត ដូចជាម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ ជាដើមនោះនៅតែបន្តពន្យារពេលបិទប្រទេសក្នុងគ្រាអាសន្ននៅឡើយ។»

ទោះជាយ៉ាងនេះក្តី ឆ្លងកាត់តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង រួមទាំងការអនុញ្ញាតឱ្យមានការប្រមូលផ្តុំឡើងវិញនេះបានដាក់ក្តីសង្ឃឹមថា សិទ្ធផល បច្ចេកទេសរបស់កីឡាករ កីឡាការិនីសូហ្វតេន្នីសនឹងមានការរីកចម្រើនឡើងវិញ ៕ ដោយ៖ ហេង ណាលីន