សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

ក្រោយទទួលបានសេចក្តីជូនដំណឹងពីក្រសួងសុខាភិបាល ដែលមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យសហព័ន្ធកីឡាជាតិទាំងអស់ អាចចាប់ផ្តើមរៀបចំការប្រកួត និងប្រមូលផ្តុំអត្តពលិកហ្វឹកហាត់ជាជំហានៗឡើងវិញនោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានសម្តែងការសប្បាយរីករាយ និងបានត្រៀមផែនការរួចជាស្រេច សម្រាប់ផែនការប្រមូលផ្តុំហ្វឹកហាត់បង្កើនប្រសិទ្ធផលរបស់ខ្លួនឡើងវិញ។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា​AKP នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា លោកបានទំនាក់ទំនងទៅប្រធានក្លឹបតាមបណ្តាខេត្ត និងអាណាព្យាបាល ដើម្បីកោះហៅពួកគាត់ត្រឡ់មកប្រមូលផ្តុំ នៅសប្តាហ៍ក្រោយ ដើម្បីត្រៀមការប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ។

លោកអគ្គលេខាធិការបានបញ្ជាក់ថា រយៈពេលជាង២ខែមកនេះ ដែលក្រសួងអប់រំប្រកាសរំសាយការប្រមូលផ្តុំការហ្វឹកហាត់ ដើម្បីបង្ការទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ លោកសង្កេតឃើញថា សមត្ថភាព ប្រសិទ្ធផលរបស់អត្តពលិកកាយ សម្ព័ន្ធមានការធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យបារម្ភ បើទោះបីជាសហព័ន្ធបានដាក់ផែនការសម្រាប់ការហ្វឹកហាត់តាមផ្ទះជារៀងរាល់ថ្ងៃយ៉ាងណាក្តី ដែលនោះគឺគ្រាន់តែដើម្បីរក្សាបានត្រឹមតែកម្លាំងកាយប៉ុណ្ណោះ។

លោកអះអាងទៀតថា កីឡាកាយសម្ព័ន្ធជាប្រភេទកីឡាជំនាញត្រូវការកន្លែងហ្វឹកហាត់ ដែលមានស្តង់ដារបច្ចេកទេសត្រឹមត្រូវទើបអាចរក្សាបានកម្លាំង និងបច្ចេកទេសបាន។

ទាក់ទងទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងមានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក ណយ ផាណា បានបន្ថែមថា សហព័នុ្ធបានត្រៀមវិធានការថែរក្សាអនាម័យ តាមសេចក្តីណែនាំ រួចជាស្រេចសម្រាប់អត្តពលិកត្រឡប់មកប្រមូលផ្តុំវិញ ដូចជា៖ សម្អាតកន្លែងស្នាក់នៅ ហូបចុកឱ្យបានស្អាត មិនអនុញ្ញាតិឱ្យអត្តពលិកចេញក្រៅដោយគ្នាការអនុញ្ញាត ប្រើប្រាស់ម៉ាស៊ីនសម្រាប់វាស់ កម្តៅ និងលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល នៅពេលដែលចូលហាត់ ចាប់កាន់ឧបករណ៍មួយទៅឧបករណ៍មួយ ឱ្យបានស្អាត ៕ ដោយ៖ ហេង ណាលីន