ឯកឧត្តម ជា ច័ន្ទបរិបូរណ៍៖ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយជជែកគ្នាពីផែនការសកម្មភាព គន្លឹះធំៗចំនួន៤ ឆ្ពោះទៅស៊ីហ្គេម ២០២៣

​AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា «យើងបានជជែកគ្នាយ៉ាងលម្អិតពីផែនការសកម្មភាពការងារលើវិស័យផ្សព្វផ្សាយ និងព័ត៌មាន និងការបែងចែកអំពីតួនាទី-ភារកិច្ច-ការទទួលខុសត្រូវ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទាំងមុនព្រឹត្តិការណ៍ ក្នុងពេលព្រឹត្តិការណ៍ និងក្រោយព្រឹត្តិការណ៍ស៊ីហ្គេម បន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ CAMSOC បានចង្អុលបង្ហាញឱ្យគណៈកម្មការជំនាញមួយនេះ ក្នុងចំណោមគណៈកម្មការជំនាញនានារៀបចំផែន ការសកម្មភាពរបស់ខ្លួន»។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ក្រោយបញ្ចប់កិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បន្ថែមថា នេះជាកិច្ចប្រជុំក្នុងគណៈកម្មការរបស់ខ្លួនឡើងវិញ ក្រោយសម្រាកក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ហើយបញ្ហាសំខាន់ៗដែលបានលើកឡើងនៅក្នុងអង្គប្រជុំនេះគឺយើងបាននាំយកនូវការផ្តាំផ្ញើរបស់ឯកឧត្តមបណ្ឌិត ថោង ខុន មកជម្រាបជូនដល់គណៈកម្មការយើងឱ្យបានយល់ច្បាស់ និងបានរៀបចំផែនការសកម្មភាពលម្អិតថាតើថ្ងៃណា ខែណា ឆ្នាំណាត្រូវធ្វើកិច្ចការអ្វីខ្លះ?។ នៅក្នុងផែនការគោលធំៗត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន ឯកភាពរួចហើយ ហើយនៅថ្ងៃនេះយើងបានជជែកគ្នាអំពីផែនការលម្អិតលើទិសដៅការងារលម្អិតអំពីការផ្សព្វផ្សាយពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣ ។ មានន័យថា យើងកំពុងតែរៀបចំការងារផ្សព្វផ្សាយមុនស៊ីហ្គេម ក្នុងពេលប្រកួតស៊ីហ្គេម និងក្រោយស៊ីហ្គេម រួមទាំងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ផងដែរ។

«កិច្ចប្រជុំនេះដែរក៏បានបែងចែកនូវការទទួលខុសត្រូវរបស់សមាជិកគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយទៅលើ៤ចំណុចធំៗ ដូចជា ការផលិតកម្មវិធីផ្សាយស្តីពីដំណើរឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់ការចាក់ផ្សាយតាមប្រព័ន្ធទូរទស្សន៍ អនឡាញ ព្រឹត្តិបត្រព័ត៌មាន និងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានអាជីព-អ្នកអត្ថាធិប្បាយកីឡា-អ្នកថតរូបជំនាញតាមបែបកីឡា។​ អ្វីដែលសំខាន់បំផុត ក្នុងពេលព្រឹត្តិការណ៍នោះ គឺមជ្ឈមណ្ឌលព័ត៌មាន (Media Center) ដែលមាន២ចំណុចសំខាន់ គឺ បច្ចេកវិទ្យា និងធនធានហិរញ្ញវត្ថុ ដែលយើងត្រូវគិតគូរឱ្យបានច្បាស់លាស់ពីពេលនេះតទៅ ដើម្បីឱ្យការស្នើគម្រោងនេះឡើងទៅថ្នាក់ដឹកនាំមានលក្ខណៈសមស្របទៅ និងពេលវេលា និងលទ្ធភាពរបស់យើងដែរ»។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានទៅសិក្សាដោយផ្ទាល់ពីការរៀបចំស៊ីហ្គេមនេះ ចាប់តាំងពីស៊ីហ្គេម នៅប្រទេសសិង្ហបុរី ឆ្នាំ២០១៥, ម៉ាឡេស៊ី ឆ្នាំ២០១៧ និងម្ចាស់ផ្ទះហ្វីលីពីន ចុងឆ្នាំ២០១៩ នូវអ្វីដែលជាចំណុចល្អ និងចំណុចខ្វះខាត ដើម្បីកែលម្អឱ្យបានប្រសើរសម្រាប់ការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ ចំណុចខ្វះខាតទាំងនោះយើងបានកែសម្រួល ហើយបានយកមកដាក់នៅក្នុងផែនការរបស់កម្ពុជាយើងរួចហើយ ប៉ុន្តែផែនការនេះមិនទាន់បញ្ចប់ទេ ដោយយើងនៅរង់ចាំពិនិត្យមើលបន្ថែមនៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ ខាងមុខមួយទៀត មុនដល់ស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣នៅកម្ពុជាយើង ៕ ដោយ៖ហេង ណាលីន