ឯកឧត្តម​ ស៊ុន ចាន់ថុល ចុះពិនិត្យគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២០–

កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តបេសកកម្មដឹកនាំគណៈប្រតិភូក្រសួង និងក្រុមអ្នកជំនាញពាក់ព័ន្ធចុះពិនិត្យគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦។

នៅក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រោយពីការត្រួតពិនិត្យរួចមក ក្រុមហ៊ុនបានអនុវត្តន៍ត្រឹមត្រូវអាចទទួលយកបាន ស្របតាមលក្ខណៈបច្ចេក​ទេស ដែលមានចែងក្នុងសៀវភៅបន្ទុក និងបទដ្ឋានដែលចង់បាន។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញរបស់ក្រសួងសា​ធារណ​​ការ និងដឹកជញ្ជូន ចុះតាមដាន ត្រួតពិនិត្យការសាងសង់ជាប្រចាំលើអ្នកត្រួតពិនិត្យ បច្ចេកទេស ទើបអាចធ្វើឱ្យផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវផងដែរដល់​អ្នកប្រើប្រាស់ផ្លូវសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា មិនត្រូវបើកបរហួសល្បឿនកំណត់ដោយច្បាប់ កុំវ៉ាជែងគ្មានការប្រុងប្រយ័ត្ន កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងពេលបើកបរ កុំប្រើទូរស័ព្ទពេលបើកបរ ពាក់ខ្សែក្រវាត់ និងពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវពេលបើកបរ។

សូមបញ្ជាក់ថា គម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦នេះ មានប្រវែងសរុបចំនួន ៤៩,៨៨គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ ក្រាលបេតុងកៅស៊ូ(AC) ចន្លោះពី៥ ទៅ១០សង់ទីម៉ែត្រ ក្រោមឥណទានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រមាណ ១០.៤២០.៥២២ដុល្លារអាម៉េរិក ចំណាយរយៈពេល ១៨ខែ ជួសជុលថែទាំដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនKorea Consultants International (KCI) បានចាប់ផ្ដើមអនុវត្តន៍គម្រោងតាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកទល់ពេលនេះសម្រេចបាន៩៤ភាគរយហើយ៕ ដោយ៖ទេស ច័ន្ទសុធារី