ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ ឆ្នាំ២០២០

 

AKP កំពង់ឆ្នាំង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ —

កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តជាច្រើននាក់។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍ថា ការងារចាំបាច់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នេះ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត ចូលរួមដោះស្រាយសំណូមចាំបាច់ និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់បក្ខពួក ឬ និន្នាការនយោបាយឡើយ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវបំពេញឱ្យបានតាមតួនាទី និងភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ ចូលរួមចំណែកក្នុងការជំរុញកិច្ចការ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ឱ្យទទួលបានជោគជ័យ។ ត្រូវបន្តបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អ រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ទៀតថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើការក្រើនរម្លឹកដល់​អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ ប្រជាកសិករឱ្យយកចិត្តទុកដាក់ជំរុញលើការងារធនធានទឹក ដើម្បីបង្កបង្កើនផលស្រូវរដូវប្រាំង ស្រូវវស្សា ដែលអាកាសធាតុឆ្នាំនេះមានការប្រែប្រួលបណ្ដាលឱ្យអាងទឹកមួយចំនួនជួបបញ្ហាអាក្រក់។

ឯកឧត្តមបានជំរុញដល់មន្ទីរកសិកម្ម មន្ទីរធនធានទឹកនិងឧតុនិយម អាជ្ញាធរស្រុក ក្រុង ​ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះតាមដានពិនិត្យមើលលើសកម្មភាពការងារដាំដុះស្រូវរដូវវស្សាឆ្នាំនេះឱ្យបានជាប់លាប់ ដើម្បីរួមចំណែកជាមួយប្រជាកសិករយើង សំដៅជួយពន្លឿការងារដាំដុះនេះឱ្យបានទាន់រដូវកាល ព្រោះថាមកដល់ពេលនេះនៅខេត្តកំពង់ឆ្នាំងមានតំបន់ខ្លះមានភ្លៀងធ្លាក់ដោយកន្លែង ។ ឯតំបន់ខ្លះទៀតមានការបង្ហៀរទឹកពីប្រឡាយមេយឺតយាវក៏មិនទាន់បានជោកជាំនៅឡើយ ដែលនេះទាមទារឱ្យ​មន្ទីរជំនាញត្រូវយកចិត្តទុក ដាក់ឱ្យបានខ្ពស់ សំដៅលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ដោយ៖បៃ ស៊ីថុន