ពិធីប្រកាសរចនាសម្ព័ន្ធថ្មីជាអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាយល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

នារសៀលថ្ងៃព្រសត្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីរព័ត៌មានខេត្តកំពង់ចាម បានធ្វើពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំជា អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ក្រោមវត្តមានរបស់លោក កែវ នាឫទ្ធិអភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

យោងដីកា ស្ដីពីការតែងតាំង និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ០៦រូប ទៅក្នុងរចនាសម្ព័ន្ធមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលក្នុងនោះមាន ថ្នាក់អនុប្រធានមន្ទីរចំនួន ០២រូប ប្រធានការិយាល័យចំនួន ២រូប និងអនុប្រធានការិយាល័យចំនួន ០២រូប ។

លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមបានធ្វើរបាយការណ៍បញ្ជាក់ថា មន្ទីរព័ត៌មានខេត្តមានមន្ត្រីរាជការសរុបចំនួន ៦២នាក់ ស្រី១៨នាក់ ក្នុងនោះមានមន្ត្រីជាប់កិច្ចសន្យាចំនួន ២៩នាក់។ ខេត្តមានស្ថានីយវិទ្យុផ្សាយសំឡេងចំនួន ១ ដែលមានកម្លាំងផ្សាយ ២គីឡូវ៉ាត់ ស្ថានីយទូរទស្សន៍ចំនួន ១ស្ថានីយ មានកម្លាំង ៥គីឡូវ៉ាត់ និងមានស្ថានីយវិទ្យុឯកជនចំនួន ១៣ស្ថានីយ និងស្ថានីយទូរទស្សន៍ផ្សាយបន្តផ្ទាល់មានចំនួន ១៤ស្ថានីយ និងវិទ្យុ ៤ស្ថានីយ។

លោក កែវ នាឫទ្ធិ អភិបាលរងខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ជូនចំពោះមន្ត្រីទាំងអស់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់មន្ទីរព័ត៌មានខេត្ត ក្នុងការបម្រើលើវិស័យព័ត៌មាន ។ ពិសេសបានផ្សព្វ ផ្សាយអំពីព័ត៌មានសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានពាំនាំអំពីតម្រូវការរបស់ប្រជាពលរដ្ឋដល់ថ្នាក់ដឹកនាំបានដឹង និងធ្វើការឆ្លើយតបបានទាន់ពេលវេលា។

លោក កែវ នាឬទ្ធិ បានបញ្ជាក់ថា វិស័យព័ត៌មាន មានអំណាចទីបួនក្នុងប្រទេសដូចនេះអ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ ហើយថ្មី លឿន ពិត ។ រាល់ព័ត៌មានក្លែងក្លាយ ត្រូវធ្វើការវាយបកប្រឆាំងប្រកបដោយប្រសិទ្ធភាពពិសេសត្រូវទប់ស្កាត់នូវព័ត៌មានក្លែងយក្លាយ នាំដល់ប៉ះពាល់ដល់សន្តិសុខសង្គមនោះ។ មន្ត្រីទើបតែងតាំងត្រូវចេះសាមគ្គីផ្ទៃក្នុងឱ្យបានល្អ និងមានទំនាក់ទំទងល្អនៅតាមបណ្តាអង្គភាពជុំវិញខេត្ត ធ្វើជាសេនាធិការផ្ទាល់របស់ខេត្តក្នុងវិស័យព័ត៌មាន ចូលរួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ត្រូវប្រកាន់ភ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈដោយឈរលើគោលការណ៍ អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត ៕ ដោយ៖ឆាយ ម៉ុត