ស្រះទឹកអំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ជូនដល់​ប្រជាពលរដ្ឋ ក្នុងស្រុកស្វាយចេក ត្រូវបានសម្ពោធ

AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

ស្រះទឹកខ្នាតធំ១កន្លែង ដែលជា អំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋនៅភូមិ​យាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីតម្កល់ទឹកនៅរដូវវស្សានេះទុកប្រើ ប្រាស់ក្នុងតំបន់នេះ ដែលកន្លងមកធ្លាប់រងការខ្វះខាត​ទឹកប្រើប្រាស់នោះ។

លោកជំទាវ​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញ​សម្ពោធស្រះទឹក ១កន្លែងនេះ ដែលមាន បណ្តោយ ១០៨ម៉ែត្រ ទទឹង ៦២ម៉ែត្រ ជម្រៅ៣ម៉ែត្រ ​នារសៀលថ្ងៃ​ព្រហស្បតិ៍ ៧កើត ខែ ជេ្ឋស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រោមការចូលរួម ទទួល និងសាទរយ៉ាងច្រើនពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជនបទនេះដោយលែងបារម្ភពី ការខ្វះទឺកនៅពេលខាងមុខទៀត។

នៅក្នុងឱកាសនេះលោកជំទាវ ម៉ៅម៉ាល័យ កែ គឹមយ៉ាន បានមានប្រសាសន៍ថា​ដោយមើលឃើញពីការលំបាកទឹកប្រើប្រាស់ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុង ភូមិយាងវៀននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងខ្ញុំ បានសម្រេចផ្តល់ ជូនស្រះ ទឹកខ្នាតធំនេះឡើងសម្រាប់ទុកផ្គត់ផ្គង់ទឹកប្រើប្រាស់បានយូរអង្វែង។

លោកជំទាវ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយើង សូមបងប្អូនបន្តការប្រុងប្រយ័ត្ន គ្រប់វិនាទីចំពោះជំងឺកូវីដ-១៩ កុំ​ឱ្យឆ្លងរោគពីគេមកយើង​ និងពីយើងទៅគេ​។ បើចាំបាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ ត្រូវដុសលាងសម្អាតដៃជាមួយសាប៊ូ​ ទឹកអាល់កុល ឬជែល​ជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ ក្រសួង​សុខាភិបាលគ្រប់ពេលវេលា។ សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ លើអនាម័យសុខភាព រស់នៅ​ឱ្យបានល្អជាប្រចាំ ដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពអាយុជីវិតយើង ទាំងអស់គ្នា។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ​បាន​ថ្លែងអំណរគុណឯកឧត្តមឧបនា យករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវដែលតែងតែយកចិត្តទុកដាក់គិតគូរជួយដោះស្រាយ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ពិសេសប្រជាពលរដ្ឋជួបបញ្ហាប្រឈមខ្វះខាត នានា។ ជាក់ស្តែងតាមរយៈស្រះទឹកខ្នាតធំ​នេះ បានជួយសម្រួល និងដោះស្រាយបញ្ហា និង តម្រូវការរបស់ប្រជាពលរដ្ឋ កំពុងខ្វះខាតទឹកប្រើប្រាស់ និងវាអាចជួយធានាដល់ការប្រើ ប្រាស់នាពេលអនាគតដ៏យូរអង្វែងរបស់ប្រជាពលរដ្ឋ​ថែមទៀតផង៕ ដោយ៖ឈុន សារ៉ាត