សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និង ចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកមុខកំពូល

AKP កណ្តាល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ១ក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៥គ្រួសារ នៅ ភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មានមតិសំណេះសំណាលទៅកាន់គ្រួសាររងគ្រោះទាំង៥គ្រួសារ លោក ទៀង សុគន្ធ ក្នុងនាម ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសេចក្តីនឹករឭក និងក្តីអាណិតអាសូរយ៉ាងពន់ពេក ។ លោកនាយកសាខា បានសំណូមពរដល់គ្រួសាររងគ្រោះទាំង៥គ្រួសារ សូមមេត្តាកាត់ចិត្តទប់ អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឱ្យមានភាពប្រសើរឡើងវិញ ។

លោកលោក ទៀង សុគន្ធ បានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នា ការនយោបាយឡើយ ។ លោកនាយក បានផ្តាំផ្ញើសូមបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានគ្រប់ៗគ្នា ពិសេសចូលរួមអនុវត្តន៍នូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

អំណោយដែលគ្រួសារនីមួយៗទទួលបាន រួមមាន អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស ម៉ាស១០បន្ទះ ទឹកអាល់កុល១ដប និង ថវិកាចំនួន១៥ម៉ឺនរៀល។ ចំពោះគ្រួសាររងគ្រោះខូចខាតផ្ទះទាំងស្រុងទទួលបានប្រាក់បន្ថែម ៤០ម៉ឺនរៀល ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)