សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ២៨.០៥.២០

១.អាមេរិក៖ អស់រយៈពេល ៤ ខែ បន្ទាប់ពីសហរដ្ឋអាមេរិកមានករណីកូវីដ ១៩ ជាលើកទីមួយហើយ  ដែលចំនួនអ្នកស្លាប់ដោយសារជំងឺនេះ ដោយគិតត្រឹមថ្ងៃទី ២៨ ឧសភា នេះ គឺមានចំនួន ១០០.០៤៧ នាក់ ។អ្នកជំនាញផ្នែកសុខាភិបាលនៅសកលវិទ្យាល័យហ្សនហប់ឃីន បានព្រមានថា បច្ចុប្បន្ននេះតំបន់ ជនបទនៅក្នុងប្រទេសអាមេរិក មិនទាន់មានករណីនៃការឆ្លងកូវីដ១៩ ធ្ងន់ធ្ងរនៅឡើយទេ តែមនុស្សរាប់រយនាក់កំពុងតែស្លាប់ដោយសារកូវីដ ១៩ ជារៀងរាល់ថ្ងៃ ។
២.ឥណ្ឌា៖ ទីក្រុងជាច្រើននៅភាគខាងជើងប្រទេសឥណ្ឌាកំពុងតែរងនូវការឡើងកម្តៅយ៉ាងខ្លំាងកាលពីថ្ងៃទី ២៧ ឧសភា ដោយមានកន្លែងខ្លះសីតុណ្ហភាពបានឡើងដល់ ៤៥ អង្សាសេ ។សីតុណ្ហភាពដ៏ខ្ពស់នេះ គឺជាកម្រិតមួយ ដែលតំបន់ភាគខាងជើងរបស់ប្រទេសឥណ្ឌាមិនធ្លាប់បានជួបអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។
៣.កាណាដា៖ នាយកក្រុមហ៊ុនហួវ៉ៃរបស់ប្រទេសចិន លោកស្រី ម៉េង វ៉ាងយ៉ូទទួលបរាជ័យផ្នែកច្បាប់ កាលពីថ្ងៃទី២៧ ឧសភា នៅពេលដែលតុលាការកាណាដាបានសម្រេចថា ដំណើរការធ្វើបត្យាប័នរូបលោកស្រី ទៅកាន់សហរដ្ឋអាមេរិក នៅតែត្រូវធ្វើឡើង ។ព្រះរាជអាជ្ញាបានចោទលោកស្រី បាននិយាយភូតកុហកធនាគារ មួយដែលការនិយាយភូតកុហកធនាគារ គឺជាទោសឧក្រិដ្ឋនៅក្នុងប្រទេសអាមេរិក និងប្រទេសកាណាដា ។
៤.រុស្សី៖ សមាជិកសភាជាន់ខ្ពស់មួយរូបរបស់ប្រទេសរុស្សី បានបដិសេធការអះអាងរបស់ប្រទេសអាមេរិក ដែលថារុស្សីបានដាក់ពង្រាយយន្តហោះប្រយុទ្ធក្នុងប្រទេសលីប៊ីដើម្បីគំាទ្រពួកទាហានដែលកំពុងធ្វើការវាយប្រហារចូលក្នុងទីក្រុងទ្រីប៉ូលី  ។មជ្ឈដ្ឋានយោធារបស់អាមេរិកក៏បាននិយាយថា យន្តហោះប្រយុទ្ធរបស់ រុស្សីបានទៅដល់ ប្រទេសលិប៊ី ដោយកាត់តាមប្រទេសស៊ីរី ។
អត្ថបទ ឆាយ វីកាល