រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះ ស្រាយជួយពលរដ្ឋក្រីក្រ នៅសហគមន៍ ដែលរងផល ប៉ះពាល់ដោយជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការរៀបចំផ្ដល់ការយកចិត្ដទុកដាក់ និងរកវិធី ជួយដល់សហគមន៍ក្រីក្រ ដែលរងផលប៉ះពាល់ជំងឺកូវីដ-១៩ និងផ្លល់អត្ដសញ្ញាណកម្ម​ដល់បងប្អូនក្រីក្រនៅសហគមន៍ ទាំង១០១សហគមន៍ នៅរាជធានីភ្នំពេញ ដោយមាន​ការអញ្ជើញចូលរួមពីលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះ​ជួយរាជ​ធានី​ភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលខណ្ឌ​ទាំង​១៤ ចូលរួមផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើសុំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក្រោមឱវាទសាលារាជធានីភ្នំពេញទាំងអស់ ត្រូវចុះស្រង់ស្ថិតិធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ​ពិតប្រាកដ នៅសហគមន៍របស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយសមភាព សុក្រឹត យុត្ដិធម៌ និង​តម្លាភាព។ ជាមួយគ្នានេះ អាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្ដចុះ តាមដាមស្រង់ទិន្នន័យ ប្រជា​ពលរដ្ឋ ដើម្បីយកតួលេខនេះ មកពិនិត្យ និងធ្វើការដោះស្រាយជាកញ្ចប់ថវិកា ឬសម្ភារ ជួយពួក​គាត់ ដែលមានស្ថានភាពប៉ះពាល់ដោយជំងឺកូវីដ-១៩។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការបើកកិច្ច​ប្រជុំនេះ គឺដើម្បីពិភាក្សានិងជំរុញដោះស្រាយតាមសេចក្តីណែនាំ លេខ៖ ១៧ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដានគាំទ្រ​និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេល​នៃការរីករាល​ដាល​ជំងឺកូវីដ-១៩។ លោកជំទាវបានបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ​និងបាន​អនុវត្តន៍វិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ ជាបន្ទាន់ដល់ប្រជាជន​កម្ពុជា​ទាំង​អស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសគ្រួសារក្រីក្រ​និងគ្រួសារ​ទទួល​រងផលប៉ះពាល់ខ្លាំងជាងគេ។  លោកជំទាវកិត្ដិសង្គហបណ្ឌិតបានបន្ដថា រាជរដ្ឋាភិ​បាល​ក៏​បានសម្រេចជាគោលការណ៍ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ​ដែលមានប័ណ្ណ​សមធម៌ រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និង​គ្រួសារ​ខ្លះ ទៀតដែលទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូល ធ្លាក់ខ្លួនក្រីក្រដោយសារ​ជំងឺកូវីដ-១៩។ លោកជំទាវបានបន្ដទៀតថា រាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាសេនាធិការបានដាក់ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះ​កិច្ចរៀបចំ​និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុង​ចំណោមភារកិច្ចទាំងនោះ មានភារកិច្ចដ៏សំខាន់មួយគឺជាការកំណត់អត្តសញ្ញាណ គ្រួសារ​ក្រីក្រ ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ ផ្សេងទៀត នៅ​ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំដោយក្រសួងផែនការ។ ដោយឈរលើមូល​ដ្ឋាននេះ ក្រសួងផែនការបានរៀបចំក្របខ័ណ្ឌ និងយន្តការកំណត់អត្តសញ្ញាណកម្ម គ្រួសារ​ក្រីក្រតាមការស្នើសុំបំពេញបន្ថែមទិន្នន័យ ដូចជា គ្រួសារក្រីក្រដែលមិនទាន់បាន​ធ្វើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រគ្រួសារខ្លះទៀតដែលរងផលប៉ះពាល់ដោយ សារ​ជំងឺកូវីដ-១៩ ដែលធ្លាក់ចូលក្នុងភាពក្រីក្រ និងការកែសម្រួលទិន្នន័យគ្រួសារក្រីក្រ​ដែល​មានស្រាប់និងដកចេញគ្រួសារដែលមានជីវភាពលេចធ្លោ គ្រួសារដែលមានសមាជិក​ស្លាប់​អស់ ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្ដល់អង្ករចំនួន​១៤០តោន ជូនទៅរដ្ឋបាលខណ្ឌទាំង១៤ខណ្ឌដើម្បីមន្ដ្រីខណ្ឌនីមួយៗ យកទៅចាត់ចែង ផ្ដល់ ជូនពលរដ្ឋក្រីក្រ ក្នុងសហគមន៍ នៅមូលដ្ឋានរបស់ខ្លួន ក្នុងនោះក្នុងរាជធានីភ្នំពេញ មានសហគមន៍សរុបចំនួន១០១សហគមន៍៕

ដោយ សួស សំរិត