អភិបាលខេត្តកណ្តាល​អះអាងថា​ ខេត្តមានរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើង ចំនួន១៦៤រោងចក្រ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអះអាងថា​ ខេត្តកណ្តាលមាន រោង​ចក្រផលិតសម្លៀកបំពាក់ និងស្បែកជើង ចំនួន១៦៤រោងចក្រ ដែលបានជួយលើកកម្ពស់ ជីវភាពឱ្យប្រជាពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើរ។

ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា​ រោងចក្រខាងលើនេះអាចស្រូបទាញកម្លាំងពលកម្មបានចំនួនជាង១៤ម៉ឺននាក់ ហើយ​កម្មករ​​ និយោជិត ជាមធ្យមទទួលបានប្រាក់ចំណូល២៤៦ដុល្លារ ក្នុង១ខែ។

ឯកឧត្តម​ អភិបាលខេត្ដបន្តថា​ ដោយឡែកវិស័យកសិកម្ម ជាវិស័យស្នូលបានចូលរួម​ក្នុងសេដ្ឋកិច្ច​ខេត្ត​កណ្តាល ច្រើនជាងគេគឺ៣៨,៧ភាគរយ ក្នុងនោះ ឆ្នាំ២០១៩ លើផ្ទៃដីធ្វើស្រូវរដូវវស្សា និងប្រាំងចំនួន៩០,២១៩ហិកតា ទទួលបានបរិមាណផលចំនួន៣៤៩,១០៥តោន។ បើគិត​ជាមធ្យមទទួលបានចំនួនទិន្នផល៣,២៦៣តោន ក្នុង១ហិកតា (កើនឡើង១,៦២ភាគរយ) ហើយ បរិមាណស្រូវលើសពីតម្រូវការចំនួន ២៦,៦០៥តោន។

ឯកឧត្តម​ គង់ សោភ័ណ្ឌ ក៏បានប្តេជ្ញាថា នឹងខិតខំបន្តអនុវត្តន៍នូវគោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលបានរួមចំណែកដ៏ធំធេង ក្នុងការរក្សាបាននូវសន្តិសុខស្ថិរភាពនយោបាយ និងសង្គម និងបង្កើនគុណភាព នៃការផ្តល់សេវាប្រកបដោយគណនេយ្យភាព តម្លាភាព មានការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះទៀត បង្កើតបាននូវបុរេលក្ខ​ខណ្ឌ​ចាំ​បាច់ និងបរិស្ថានអនុគ្រោះ សម្រាប់ការប្រែក្លាយខ្លួនឱ្យទៅជាប្រទេស មានចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ដោយ៖ ចាន់ សុធីវង្ស