គំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យបាត់ដំបង ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទទួលបានការគាំទ្រ និងលើកទឹកចិត្តពីទីភ្នាក់ងារ AUF

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ —

គម្រោងមួយស្តីអំពីបញ្ហាប្រឈមនៃសង្គម របស់ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសពីក្នុងចំណោមគម្រោងប្រមាណជិត ២.០០០ ដែលស្នើឡើងដោយប្រទេសចំនួន៧៩ ដើម្បីទទួលបានជំនួយហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ គម្រោងដែលត្រូវបានជ្រើសរើសនេះដឹកនាំដោយក្រុមសាស្ត្រាចារ្យ និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេង នៃសាកលវិទ្យាល័យបាត់ដំបង ដោយមានអង្គការអន្តរជាតិមួយជាដៃគូ ។ គម្រោងនេះធ្វើការសិក្សាស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នរបស់កសិករខ្នាតតូចតាមបណ្តាខេត្តនានានៅតាមបណ្តោយព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងកំណត់អត្ថសញ្ញាណរកដំណោះស្រាយ និងមធ្យោបាយក្នុង និងក្រោយពេលមានការរាតត្បាតនៃមេរោគកូវីដ១៩ ។

ប្រភពដដែលបានបន្តថា ទិន្ន័យដែលប្រមូលបានទាំងអស់អាចឱ្យអាជ្ញាធរមានទស្សនវិស័យច្បាស់លាស់ លើបរិបទតាមមូលដ្ឋាន ដើម្បីចាត់វិធានការឱ្យបានសមស្រប។ គម្រោងនៃសាកលវិទ្យាល័យបាត់ដំបងត្រូវបានលើកទឹកចិត្តក្នុងក្របខ័ណ្ឌនៃការឆ្លើយតបនឹងការផ្តល់ជូនជាលក្ខណៈអន្តរជាតិ ដែលបានផ្សព្វផ្សាយដោយទីភ្នាក់ងារ AUF ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់និស្សិត សិស្សវិស្វករ និងអ្នកស្រាវជ្រាវវ័យក្មេងទាំងឡាយដែលពាក់ព័ន្ធនឹងការរាតត្បាតនៃកូវីដ១៩។

គោលបំណងនៃការផ្តល់ជូននេះគឺជួយជ្រោមជ្រែងការឆ្លើយតបដល់សហគមន៍សាកលវិទ្យាល័យចំពោះការរាត្បាត និងគំាទ្រការអភិវឌ្ឍរកដំណោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេស និង/ឬ សង្គមជាបន្ទាន់ ដើម្បីជួយប្រព័ន្ធសុខាភិបាល និងប្រជាជន ប្រឈមនឹងវិបត្តិសុខភាពដែលមិនធ្លាប់មាន។ ការផ្តួចផ្តើមទាំងឡាយដែលត្រូវបានជ្រើសរើសត្រូវតែផ្សារភ្ជាប់បញ្ហាប្រឈមផ្នែកបច្ចេកទេស សេដ្ឋកិច្ច និង/ឬ សង្គមដែលអាចវាយតម្លៃបានក្នុងរយៈពេលយ៉ាងខ្លី។ ឧទាហរណ៍ គម្រោងទាំងឡាយដែលផ្តល់ដំណោះស្រាយ គម្រូភាព ដែលមានលក្ខណៈសមស្របតាមបញ្ញតិជាតិ និងគម្រោងដែលដឹកនាំដោយស្ត្រី ត្រូវបានផ្តល់ការលើកទឹកចិត្តបន្ថែម ។

លោកស្រី Ouidad Tebbaa នាយិកាតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ AUF បានអះអាងថា៖ « ការផ្តល់ជូនគម្រោងកូវីដ19 របស់ AUF នេះ បានរំលេចឡើងនូវសមត្ថភាពទាំងអស់នៃសាកលវិទ្យាល័យជាសមាជិករបស់យើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការផ្តួចផ្តើម និងឆ្លើយតបចំពោះតម្រូវការជាចាំបាច់នៃសង្គមក្នុងអំឡុងពេលរាត្បាត ។ យើងមានតែកោតសរសើរ និងលើកទឹកចិត្តអ្នកស្រាវជ្រាវតាមមធ្យោបាយនេះ ដោយយល់ថាការផ្តល់ជូនរបស់ AUF បានរំលេចនូវតួនាទីយ៉ាងសំខាន់នៃសាកលវិទ្យាល័យទាំងឡាយក្នុងការអភិវឌ្ឍន៍សង្គម និងក្នុងការឆ្លើយតបនឹងការលំបាកចម្បងៗទាំងឡាយរបស់ខ្លួនផងដែរ »។

លោកបណ្ទិត សេង រដ្ខា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍសហគមន៍ តំណាងសាកលវិទ្យាល័យបាត់ដំបងបានឱ្យដឹងថា៖ « គម្រោងនេះ នឹងផ្តោតសំខាន់លើគ្រូសារកសិករខ្នាតតូច នៅតាមបណ្តោយព្រំដែនភាគពាយ័ព្យកម្ពុជា ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារគាត់ក្រោយពេលមានការរាតត្បាតនៃមេរោគកូវីដ ។ យើងចង់លើកទឹកចិត្តឱ្យមានការស្រាវជ្រាវជាលក្ខណ:វិទ្សាសាស្រ្ត ដើម្បីជួយរៀបចំផែនការឆ្លើយតបទៅនឹងវិបត្តិនេះ ។ គម្រោងនេះបង្ហាញពីការប្តេជ្ញាចិត្ត និងសាមគ្គីភាពរបស់សាកលវិទ្យាល័យបាត់ដំបង និង សហគមន៍ដែលងាយរងគ្រោះដែលពឹងពាក់ភាគច្រើនលើការប្រកបរបរកសិកម្ម និងចំណាកស្រុក និងសង្ឃឹមថានឹងប្រើប្រាស់គម្រូ នៃការស្រាវជ្រាវនេះនៅតំបន់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជាយើង » ។

ដោយ នីកា