កិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០–

កាលពី​ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំង១០ នៅក្រោមគណៈកម្មការនេះ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រីបានមាន​ប្រសាសន៍អំពីវឌ្ឍនភាពល្អប្រសើរនៃការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ជាពិសេសការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗទាក់ទងនឹងច្បាប់ដូចជា ច្បាប់ស្ដីពីពាណិ ជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អនុគណៈកម្មការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីម្ហូបអាហារ ដែលបានជិតនឹងឈានដល់ដំណាក់កាលបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងផ្តល់​អនុសាសន៍ណែនាំមួយចំនួនជូនដល់អនុគណៈកម្មការទាំងអស់ ដើម្បីអនុវត្តន៍ និងសម្រេចឱ្យបាននូវគោលដៅតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ខ្លួន ក្នុងគោលបំណងអភិវឌ្ឍន៍ប្រព័ន្ធច្បាប់ក្រោមវិស័យពាណិជ្ជកម្មរបស់កម្ពុជាឱ្យកើនឡើង និងមានភាពទំនើបមួយជំហានទៀត ក៏ដូចជាបំពេញកាតព្វកិច្ច ការធ្វើកំណែទម្រង់ច្បាប់របស់កម្ពុជា នៅក្រោមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងដទៃទៀតដែលកម្ពុជាជាហត្ថលេខី៕ ដោយ៖ទេស ច័ន្ទសុធារី