រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នើឱ្យCDRIសហការជាមួយឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និងក្រសួងសេ​ដ្ឋ​​​កិ​ច្ច លើ​កិច្ចការ​ស្រា​​​វជ្រាវគោលនយោបាយជាយុទ្ធសាស្រ្ដ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នា​យ​ក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវ ជ្រាវដើម្បីអ​ភិវឌ្ឍ​ន៍កម្ពុជា(C​DRI) សហការជាមួយឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើ​កិច្ចការ​ស្រា​​​វជ្រាវគោលនយោបាយជាយុទ្ធសាស្រ្ដ ដើម្បីបម្រើជាធាតុចូលដ៏សំខាន់ក្នុងការកសាងគោលនយោបាយអ​ភិវ​ឌ្ឍន៍ជាតិ។

ក្នុងឱកាសទទួលជួបសម្ដែងការគួរសម​ជាមួយលោកបណ្ឌិត ប៉ិច សុខេម ដែលទើបត្រូវបានជ្រើសតាំង និងចូលកាន់តំណែងជានាយកប្រតិបត្តិ នៃវិទ្យាស្ថា​ន​បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (Cambodian Development Resource Institute – CDRI​​ កាលពីថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីកា​រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ដើម្បីធ្វើឱ្យការសិ​ក្សាស្រាវជ្រាវរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជាមាន​ភាព​​ប្រទាក់ក្រ​ឡា​​គ្នា​ដ៏ស្អិតល្មួត ​ជាមួយតម្រូវការគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ បាន​ផ្ដល់​ជាអនុសាសន៍បន្ថែមដល់វិទ្យាស្ថានទៅលើប្រធានបទ ដែលគួរ​ធ្វើការសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀ​ត រួមមាន៖ ការ​កសាង​គោលនយោបាយសេដ្ឋកិច្ចឌីជីថល, ការប្រែប្រួ​លរចនាសម្ព័ន្ធសេដ្ឋកិច្ចសកលលោ​ក​ក្រោ​​យជំងឺកូវីដ-១៩, ការធ្វើឱ្យ​មាន​​តុល្យភាពឡើងវិញរវាងគោល​ន​​យោ​បាយកំណើនពឹងលើការនាំចេញ និ​ង​សេដ្ឋកិច្ចពឹងផ្អែកលើខ្លួនឯង, និង ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក ។ល។

ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ ក៏គូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបាន និងកំពុងកសាង​ឯកសារទស្ស​ន​វិស័យកម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០ និង​ប្រទេ​ស​​មាន​ប្រាក់​ចំណូល​ខ្ពស់ឆ្នាំ២០៥០ ដែលទស្សនវិស័យនេះជាគោលដៅរួមរបស់ប្រជាជាតិកម្ពុជាទាំងមូល ហើ​យ​រាជរដ្ឋាភិបាល​ក៏មាន​តម្រូវការជាធាតុចូលនានាបន្ថែមដែរ ពីដៃគូពាក់ព័ន្ធ។ ក្នុងន័យនេះ វិទ្យាស្ថានបណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា គួរពិចារណាដាក់ប្រ​ធា​ន​​បទពាក់ព័ន្ធនឹងការកសាងគោលនយោបាយគាំទ្រ​ការអភិវឌ្ឍ​ជំនាញ និងស្រូបទាញមូលធន និងបច្ចេកវិទ្យា ​ជា​​របៀបវារៈក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួនផងដែរ ។

លោក​បណ្ឌិត ប៉ិច សុខេម ក៏បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុង​ការចែករំលែកអនុសាសន៍នានាសម្រាប់ជាទិសដៅសិក្សាស្រាវជ្រាវនាពេលខាងមុខ ហើយវិទ្យាសា្ថនបណ្ដុះបណ្ដាល និង​ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា នឹងបន្តប្ដេជ្ញារួមចំណែកយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ​លើប្រធានបទថ្មីៗ​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គមកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ​ជាមួយនឹងលោ​ក​បណ្ឌិត ប៉ិច សុខេម ក្នុងការទទួលតួនាទីថ្មីជានាយកប្រតិបត្តិរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រា​វ​ជ្រា​វ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ។ ទន្ទឹមនេះ ឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ ក៏ថ្លែងអំណរគុណដល់វិទ្យាស្ថានប​ណ្ដុះ​​បណ្ដាល និងស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ក្នុងការបន្តរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការសិក្សាស្រាវជ្រាវនានាពាក់ព័ន្ធ​នឹង​គោលនយោបាយតាមវិស័យសំខាន់ៗក្នុងរយៈពេលជិត​៣​ទសវត្សរ៍មកនេះ៕ដោយៈ គង់ សិរីរ័ត្ន