អភិបាលខេត្ត ប្រជុំពិភាក្សាលើគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហាន២

AKP បាត់ដំបង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តម វង្ស ពិសិដ្ឋ នាយកគម្រោង និងជាអនុរដ្ឋលេខាធិការកហរសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ។

កិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុង ចៅសង្កាត់ ទីប្រឹក្សាបច្ចេកទេស មន្ត្រីន PIU និងអ្នកពាក់ព័ន្ធមួយចំនួន។

ក្នុងឱកាសនោះ តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង RAMBOLL-TANCONS បានធ្វើបទបង្ហាញ ស្តីពីអនុគម្រោងសាងសង់ប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និង គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ។ តំណាងទីប្រឹក្សាបច្ចេសទេសគម្រោងបានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារគម្រោង និង មន្ត្រី PIU បានចុះកំណត់អ័ក្សទ្រូងផ្លូវរួចមកហើយ និង បានកំណត់កន្លែងប៉ះពាល់ធំៗចំនួន ៣កន្លែង នឹងត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្វើការប្រជុំ ពិភាក្សា នៅទីតាំងគម្រោងដែលរងផលប៉ះពាល់ផងដែរ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានណែនាំដល់មន្ត្រីគម្រោង ដែលត្រូវអនុវត្តន៍គម្រោង និង អាជ្ញាធរក្រុង ឃុំ សង្កាត់ ត្រូវធ្វើការប្រជុំណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីគុណប្រយោជន៍ និងអត្ថប្រយោជន៍នៃការអនុវត្តគម្រោង ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង និងត្រូវដោះស្រាយផលប៉ះពាល់ នៃគម្រោងឱ្យមានប្រសិទ្ធភាព និងត្រឹមត្រូវផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បានថ្លៃងអំណរគុណដល់មន្ត្រីគម្រោង ដែលបានខិតខំចុះសិក្សាគម្រោង ជាពិសេសសូមអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទម្លាក់គម្រោងមកខេត្តបាត់ដំបងនាពេលនេះ ដោយប្រើប្រាស់ថវិការបស់ធនាគារអភិវឌ្ឍន៍ជន (ADB) ផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)