ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ថ្លែងសរសើរ​​អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និងចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាព

​AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្នុង នាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែង​ស្ញប់ស្ញែង និងកោតសរសើរ ខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន ​ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ មាន​ភាពប្រសើរមួយកម្រិតនោះ។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម រួមនឹងក្រុមការងារអញ្ជើញ ចុះសួរសុខទុក្ខ និងពិនិត្យមើលការដាំដុះរបស់អតីតយុទ្ធជនប្រមាណ៣១០គ្រួសារ ដែលកំពុង រស់នៅ និងអាស្រ័យផលលើដីសង្គមកិច្ចផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា នៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ​២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ខ្ញុំពិតជារីករាយពេលឃើញបងប្អូនប្រឹង ប្រែងឧស្សាហ៍ព្យាយាមក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីកសាងជីវភាពបែបនេះ។ បើទោះ បីបងប្អូនរងភាពពិការព្រោះតែសង្គ្រាម តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែករាជរដ្ឋាភិបាលទាំង ស្រុងនោះឡើយ។ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះភាពប្រឹងប្រែងរបស់បងប្អូន។ ​

ឯកឧត្តមបន្តទៀតថា អតីតយុទ្ធជនកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពី​សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជាកិច្ចតបស្នងចំពោះការលះបង់ និងពលីកម្មដែល ពួកគេបានធ្វើចំពោះជាតិ។ រាជរដ្ឋាភិបាល បានផ្តល់ដីសង្គមកិច្ច សាងសង់ផ្ទះសម្បែងជូនដល់ អតីតយុទ្ធជន ដើម្បីពួកគេកសាងជីវភាព និងរស់នៅបានសមរម្យនោះ។

ក្នុងឱកាសនោះ ​ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសំណូមពរទៅមន្ត្រីមន្ទីរកសិកម្ម ភាគីពាក់ព័ន្ធ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ឱ្យជួយផ្តល់កិច្ចអន្តរាគមន៍នានាដល់អតីតយុទ្ធ​​ជនដូចជា ការផ្តល់បច្ចេកទេស ការផ្តល់ពូជ និងឧស្សាហ៍ចុះអប់រំពួកគាត់ ឱ្យបានច្រើនបន្ថែម​​ទៀត ដើម្បីផ្តល់ចំណេះដឹងលើការដាំដុះ និងការចិញ្ចឹមសត្វជាដើម។​

ជាមួយនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អតីតយុទ្ធជនទាំងអស់ ឱ្យ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងត្រូវអនុវត្តន៍តាមវិធានអនាម័យទាំងឡាយ របស់ ក្រសួង​សុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីដ-១៩៕ ដោយ៖ឈុន សារ៉ាត