កម្ពុជា ស្នើឱ្យប្រទេសមហា​អនុតំបន់ទន្លេមេគង្គ បន្តអនុវត្តន៍ផែនការសកម្មភាព​ត្រួត​ពិនិត្យ​គ្រឿង​ញៀននៅអនុតំបន់ទី១១ ដើម្បីឆ្លើយតបការគំរាមកំហែង​ដោយគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនបានស្នើសុំឱ្យប្រទេសហត្ថលេខីមហាអនុតំបន់ទន្លេមេគង្គទាំងអស់ បន្ដ​អនុ​វត្ដន៍​នូវផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀននៅក្នុងអនុតំបន់ទី១១ ដើម្បីឆ្លើយ​តប​ទៅ​នឹងការគំរាមកំហែងដោយ​គ្រឿងញៀន​នាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាម​អាជ្ញាធរជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។

ក្នុងពិធីបើកកិច្ច​ប្រជុំតាមប្រព័ន្ធអនឡាញ មន្រ្តីសម្របសម្រួល ប្រទេសហត្ថលេខី​អនុ​ស្សរណ:នៃការយោគយល់គ្នា(MOU)ស្តីពីការត្រួត​ពិនិត្យគ្រឿង​ញៀន​ក្នុងមហាអនុ​តំបន់​​ទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និង​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុកគ្រឿង​ញៀន ​​និងឧក្រិដ្ឋកម្ម(UNODC) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា ដោយសារបញ្ហាCovid-19 យើង​ពុំទាន់​អនុវត្តន៍បាននូវផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១ ក្រោម​ការជួយ​ឧបត្ថម្ភរបស់អង្គការ UNODC ឡើយ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ បានស្នើអង្គប្រជុំជជែក​ពិភាក្សាគ្នារកឱ្យឃើញនូវដំណោះស្រាយសមស្របណាមួយ​ ដើម្បី​អនុវត្តន៍ផែនការសកម្មភាពអនុតំបន់នេះ ឈានទៅឆ្លើយតប​ឱ្យបានទៅនឹងការគំរាម​កំហែងដោយ​គ្រឿងញៀន​នាពេលបច្ចុប្បន្ននេះ។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្តថា ស្របពេលដែលយើង​មាន​បញ្ហាជំងឺ​Covid-19 កិច្ចសហប្រតិ​បត្តិការ​គ្នាទាំងក្នុងតំបន់ និង លើសកលលោកមានការ​ធ្លាក់​ចុះ បានធ្វើឱ្យក្រុមឧក្រិដ្ឋជនអន្តរជាតិដែលមានអង្គការចាត់​តាំងបានបង្កើនការឃុប​ឃិតជាមួយពួកឧក្រិដ្ឋគ្រឿងញៀនក្នុងស្រុកធ្វើសកម្មភាព​ល្មើស​ច្បាប់កាន់តែសកម្ម និង​ខ្លាំងក្លាជាងមុន ដែលបាននិងកំពុងក្លាយជា​ឧបសគ្គរា​រាំងក្នុង​ការ​អនុវត្តផែនការ​អនុតំបន់​ដែលរៀបចំដោយអង្គការUNODC។

ឯកឧត្ដម នាយឧត្តមសេនីយ៍បានលើកឡើងថា កម្ពុជាបានចូលរួមសកម្មភាពជា​មួយតំបន់ និងសកល​លោក ខិតខំប្រឹងប្រែង បង្ការ ទប់​ស្កាត់ ដោយយកចិត្តទុកដាក់ និង​ទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្រ្តពហុវិស័យ​ស្តីពីការងារ​ត្រួតពិនិត្យគ្រឿងញៀន និងបន្ត​អនុវត្តន៍យ៉ាងសកម្មនូវយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀនខុសច្បាប់ទូទាំងប្រទេស។ ទន្ទឹមនេះ ក្នុងឆ្នាំ២០១៩ កម្ពុជាបង្រ្កាបបានបទ​ល្មើស​គ្រឿងញៀនចំនួន៩,៨០៦ករណី ឃាត់​ខ្លួនជនសង្ស័យ​បាន២០,៤៩០នាក់ ចាប់យកគ្រឿង​ញៀន​គ្រប់ប្រភេទ​បាន៧៥០​គីឡូក្រាម៕

ដោយ៖ រិទ្ធី