វេទិកាសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយកងសង្គ្រោះបន្ទាន់៧១១ និងអង្គការដៃគូ បណ្តុះបណ្តាល និងចុះបាញ់ថ្នាំសម្លាប់មេរោគដើម្បីបង្ការជំងឺកូវីដ-១៩

 AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

ក្រុមការងារនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល កងសង្គ្រោះបន្ទាន់៧១១ និងអង្គការដៃគូបាន បែង​​ចែកជាបីក្រុម ចេញដំណើរពីទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបណ្តុះបណ្តាល និងបាញ់ថ្នាំ​សម្លាប់មេរោគបង្ការជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្តចំនួន១៥ ដែលនៅសេសសល់ពី ការ​បាញ់ថ្នាំសម្លាប់មេរោគដោយក្រុមអ្នកជំនាញការចិនមកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (BSR) នៃប្រទេសចិន នាពេលកន្លងមក។

ឯកឧត្ដមបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង​ជា​ប្រធាន​ដឹកនាំក្រុមការងារបាញ់ថ្នាំបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលកម្ពុជា​ទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ អង្គការសង្គមស៊ីវិលចិន រួមមាន មូលនិធិចិនដើម្បីសន្តិភាព​និងការអភិវឌ្ឍ(CFPD) និងអង្គការសង្គ្រោះមេឃពណ៌ខៀវ បានឧបត្ថម្ភជំនួយជាសម្ភារដល់ វេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ឯកឧត្ដមបានបន្ដថា ក្រុមអ្នកជំនាញការអង្គការ សង្គ្រោះមេឃ​ពណ៌ខៀវបានបាញ់ថ្នាំសម្លាប់មេរោគ​លើក្រឡា​ផ្ទៃទំហំជិត១,៦លានម៉ែត្រការ៉េ នៅគោល​ដៅចំនួន៥១ នៅ១០រាជធានី ខេត្ត និងបាន​បណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល​អំពីការបង្ការជំងឺកូវីដ-១៩ ផងដែរ។ ឯកឧត្ដមបានបន្ថែមថា បេសកកម្ម​នៅថ្ងៃនេះ នឹងបន្ត​បណ្តុះបណ្តាលនិងបាញ់ថ្នាំសម្លាប់មេរោគនៅ១៥ខេត្តទៀត ដោយ វេទិកាសម្ព័ន្ធសង្គម​ស៊ីវិល សហការជាមួយកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០។

ឯកឧត្ដមបានលើកឡើងថា ក្នុងតួនាទីជាអ្នក​សម្របសម្រួលរវាងសង្គមស៊ីវិល នៃ​វេទិកាសម្ព័ន្ធសង្គមស៊ីវិល តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការកៀរគរជំនួយ​ពីអង្គការសង្គម​ស៊ីវិលជាតិនិងអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ​ និងលើក​កម្ពស់ជីវភាព​និងសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់​រាជរដ្ឋាភិ​បាល​កម្ពុជា៕ ដោយ៖សំ សាម៉ន