ក្រសួងអប់រំ ស្នើឱ្យសហព័ន្ធប្រមូលផ្តុំ និងការប្រកួតឡើងវិញ ត្រូវគោរពលក្ខខណ្ឌសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំជាមួយ​សហព័ន្ធ​កីឡា​ជាតិ និងអ្នកពាក់ព័ន្ធដើម្បីពិនិត្យមើលនៃការបើកឡើងវិញនូវវិស័យកីឡាជាជំហានៗ ដែលត្រូវបាន​អនុញ្ញាត​ឱ្យមានវិធានការកែតម្រូវសម្រាប់ដាក់ឱ្យដំណើរការឡើងវិញនូវវិស័យកីឡា ដោយត្រូវគោរព​តាមលក្ខខណ្ឌ​សុវត្ថិភាពមួយចំនួន។

ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចអនុញ្ញាតឱ្យសហព័ន្ធកីឡាជាតិធ្វើសកម្មភាពហាត់ហ្វឹកហ្វឹន និងរៀបចំការប្រកួតឡើងវិញចាប់ពីខែមិថុនាឆ្នាំ២០២០តទៅ ខណៈដែលក្រសួងបានដាក់ចេញនូវ​ផែនការ​អនុវត្តន៍៩ចំណុចឱ្យសហព័ន្ធកីឡាជាតិអនុវត្តន៍វិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់​ក្រសួង​សុខាភិ​បាលឱ្យបានម៉ឺងម៉ាត់។ ចំពោះការអនុញ្ញាតឱ្យសហព័ន្ធកីឡាជាតិនានាដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគរបស់ខ្លួន ឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ និងត្រូវគោរពតាម​លក្ខខណ្ឌ​សុវត្ថិភាពមួយចំនួនដូចជា៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ជា​ប្រចាំ តាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល ត្រូវធ្វើសេចក្តីណែនាំទៅក្លឹបលីគ ដើម្បី​បំពេញ​លក្ខខណ្ឌ និងអនុវត្តន៍វិធានការការពារជំងឺកូវីដ-១៩ ម៉ឺងមាត់មុនហាត់ និងប្រកួត ការប្រកួតលីគ​ត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន ការប្រកួតលីគមិនត្រូវឱ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី​១០០​នាក់ឡើយ។ ជាមួយគ្នានេះ ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតសង្គម និងកម្លាតបុគ្គល ហើយមិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ ត្រូវធានាថា កន្លែងហាត់ និងប្រកួតលីគ មិនមែនជាកន្លែងឆ្លងជំងឺកូវីដ-១៩ រលកទីពីរឡើយ និងចុងក្រោយ ករណីការប្រកួតលីគអនុវត្តពុំបានត្រឹមត្រូវតាមវិធាន និងការណែនាំបច្ចេក​ទេសរបស់ក្រសួងសុខាភិបាល សហព័ន្ធ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ទាក់ទងនឹងការអនុញ្ញាតឱ្យសហព័ន្ធកីឡាជាតិដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតឡើងវិញជា​ជំហានៗ​នេះដែរ លោកអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ខ្មែរ កីឡាករហែលទឹក និងគ្រូជម្រើសជាតិ​គុនដាវ ក្នុងចំណោមបណ្តាសហព័ន្ធកីឡាជាតិនានាបានប្តេជ្ញាចិត្តថា​នឹងអនុវត្តន៍តាមការណែនាំរបស់​ក្រសួង​ឱ្យ​បានល្អបំផុត។

ទោះយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលជំរុញឱ្យ​សហព័ន្ធកីឡាជាតិទាំងអស់បន្តរឹតបន្តឹង​យ៉ាង​ម៉ឺងម៉ាត់​​ចំពោះ​វិធានការការពារជំងឺកូវីដ-១៩ ទោះបីបច្ចុប្បន្នស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅ​កម្ពុជា​មាន​សភាពធូរស្បើយក៏ដោយ។ ការជំរុញឱ្យយកចិត្តទុកដាក់របស់ក្រសួង គឺដោយសារក្រសួងបារម្ភ​ពីរលក​ទីពីរនៃការឆ្លងជំងឺកូវីដ-១៩ ត្បិតក្រសួងយល់ថា ការឆ្លងជំងឺកូវីដ-១៩ នៅតែមានហានិភ័យ​ខ្ពស់​នៅកម្ពុជា៕

ដោយ ហេង ណាលីន