រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ស្នើឱ្យសមត្ថកិច្ចទប់ស្កាត់ពលករខ្មែរលួចឆ្លងដែន​ តាមច្រករបៀង​ព្រោះជាអំពីខុសច្បាប់ និងជាករណីជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យ​សមត្ថ កិច្ចនៅច្រកព្រំដែនទាំងអស់ធ្វើការទប់ស្កាត់ការលួចឆ្លងកាត់របស់ពលករខ្មែរចូលទឹកប្រទេសថៃព្រោះវាជាអំពើខុសច្បាប់ ហើយជាករណីជួញដូរមនុស្សផងដែរ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជូញដូរមនុស្ស នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេច ក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា “ការលួចឆ្លងកាត់ព្រំដែនត្រឡប់ទៅថៃវិញ អាហ្នឹងសុំឱ្យបណ្តាសមត្ថកិច្ចនៅជាប់ព្រំដែនខិតខំប្រមូលកម្លាំង ដើម្បីជួយទប់ស្កាត់ ពិសេសនៅតាមច្រកព្រំដែនផ្លូវការយើងបិទហើយ ប៉ុន្តែតាមច្រកតាមរបៀងគាត់ទៅបាន។ រឿងនេះច្បាស់លាស់ហើយនៅពេលចាប់បានគឺមេក្លោងពិតជាអ្នកជួញដូរហើយ”។

សម្ដេច​ក្រឡាហោមបានស្នើដល់សមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ចំពោះអ្នកនាំពលករលួចចូល តាមច្រករបៀប ព្រោះថានៅពេលនាំចូលដល់ប្រទេសថៃជាអំពើខុសច្បាប់។ សម្ដេច​ក្រឡាហោមបានបញ្ជាក់បន្ថែមថា “អ្នកទៅក៏ខុសច្បាប់ អ្នកដែលនាំគេទៅ​ក៏រឹតតែខុស​ច្បាប់ ហើយឃុបឃិតជាមួយក្រុមហ៊ុនឯកជននៅថៃ ក៏ខុសច្បាប់។ អីញ្ចឹងហើយខ្ញុំ​ស្នើ​សមត្ថកិច្ចនៅតាមព្រំដែនទាំងអស់ មិនថាសមត្ថកិច្ចណានោះទេ គឺទាំងកម្លាំងកងយោ​ធពល​ខេមរភូមិន្ទ  កម្លាំងនគបាលជាតិ និងសមត្ថកិច្ចដ៏ទៀតទេដែលពាក់ព័ន្ធ​ត្រូវរួមគ្នា​ដើម្បី​ទប់ស្កាត់កុំឱ្យមានការឆ្លងស្កាត់ខុសច្បាប់ទៅប្រទេសថៃជាពិសេស។”

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោមក៏បានលើកឡើងថា កន្លងមករាជរដ្ឋាភិ បាលបានធ្វើការទប់ស្កាត់គ្រប់វិធានការទាំងវិធានការផ្សព្វផ្សាយអប់រំ ធ្វើតាមគ្រប់ទម្រង់ ដោយផ្សព្វផ្សាយដោយផ្ទាល់ និងដោយប្រយោល និងវិធានការជំនាញ។ សម្ដេចក្រឡា​ហោមថ្លែងថា “យើងបានធ្វើសកម្មភាពជាច្រើនជួយប្រជាពលរដ្ឋខ្មែរ ដែលបាននិង​កំពុង ធ្វើការនៅប្រទេសគោលដៅតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថានទូត ឬស្ថាន តំណាងជាមួយពលកររស់នៅ និងធ្វើការនៅទីនោះព្រមទាំងបានជួយដោះ ស្រាយបញ្ហា ជាច្រើនពាក់ព័ន្ធនឹងភាពរងគ្រោះ និងភាពងាយរងគ្រោះរបស់ពលករផងដែរ”។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា តាមរបាយការណ៍របស់ប៉ុស្តិ៍ន គបាល​អន្ដោ​ប្រវេសន៍បានឱ្យដឹងថា​ការបញ្ជូនពលករខ្មែរត្រឡប់មកវិញតាមច្រកទ្វារព្រំដែន​អន្តរ​ជាតិដោយអាជ្ញាធរបរទេសមានការថយចុះ បើព្រៀបធៀបទៅនឹងឆ្នាំ២០១៨  និងការ​បញ្ជូន​សពត្រឡប់មកវិញក៏ថយចុះបើព្រៀបធៀបនឹងឆ្នាំ២០១៨។ ចំពោះការអនុវត្តច្បាប់ វិញអគ្គស្នងការដ្ឋាននគបាលជាតិ ស្នងការដ្ឋាននគបាលរាជធានី ខេត្ត  កងរាជអាវុធហត្ថ​លើផ្ទៃប្រទេសបានតាមដានស្រាវជ្រាវអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម ជួញដូរ ផ្លូវភេទបានច្រើនករណី។ ក្រៅពីនេះ ប្រតិបតិ្តការណ៍សង្គ្រោះជនរងគ្រោះបានជាច្រើន ក្នុងនោះ អ្នកមានអាយុក្រោម១៨ឆ្នាំ ហើយបានប្រគល់ទៅមន្ទីរ​សង្គមកិច្ច​និងក្រុមគ្រួសារ​វិញផងដែរ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា មានប្រជាពលរដ្ឋ និងពលករខ្មែរចូលទៅប្រទេសថៃតាមមេខ្យល់ គឺជារលកថ្មីនៃការជួញ ដូរមនុស្ស ស្របពេលថៃ បានបន្ដរឹតបន្ដឹងនៅក្នុងប្រទេស ដើម្បីទប់ស្កាត់ការរី ករាលដាល​នៃជំងឹ កូវីដ-១៩។

លោកជំទាវបន្ដថា នៅក្នុងស្ថានភាពជំងឺកូវីដ-១៩ មានមេខ្យល់ នាំពលករខ្មែរ ត្រឡប់ចូលប្រទេសថៃវិញជាហូរហែ ហើយត្រូវបានសមត្ថកិច្ចថៃ​ចាប់​បញ្ជូន ត្រឡប់មកកម្ពុជាវិញជាបន្ដបន្ទាប់។ លោកជំទាវបានបន្ដទៀតថា បញ្ហាទាំងនេះធ្វើឱ្យ​ពល​ករ​ជាច្រើនខាតបង់ថវិកា តាមរយៈការឱ្យថវិកាទៅមេខ្យល់រាប់ពាន់បាតផងដែរ ជាពិសេស ក៏ខាតពេលវេលាដែលធ្វើដំណើរគេចវេសពីសមត្ថកិច្ចមិនបានទៅដល់គោលដៅ ព្រោះ សមត្ថកិច្ច​ថៃឃាត់ខ្លួន និងចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយពេលមកកម្ពុជាវិញ ត្រូវ ដាក់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ។

លោកជំទាវបានអះអាងថា “នេះជារលកថ្មីនៃអំពើជួញដូរមនុស្សឆ្លងដែន ដែល​នាង​ខ្ញុំ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំងអំពើជួញដូរ​មនុស្ស សូម​អំពាវនាវទៅដល់ក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ក្រោមជាតិ បង្កើន​ការយកចិត្ត ទុកដាក់ និងអនុវត្តន៍ជាមួយរាជរដ្ឋាភិបាល”៕ ដោយ៖ប៊ុនរិទ្ធ