បទយកការណ៍៖ ការវិនិយោគលើចំការទុរេន ត្រូវចំណាយដើមទុនធំ តែក៏បានចំណូលមកវិញច្រើនគួរសមដែរ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ —

ជាមួយនឹងទឹកមុខរីករាយ បងស្រី អ៊ូ ស៊ីនី ក្នុងវ័យប្រមាណ៣៩ឆ្នាំ បានដើរបណ្តើរ រៀបរាប់បណ្តើរអំពីការវិនិយោគចំការទុរេន របស់ឪពុកបងស្រី កាលពីជាង២០ឆ្នាំមុន លើផ្ទៃដីប្រមាណ ០៥ហិកតា នៅជើងភ្នំស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ជាមួយនឹងដំណាំទុរេនប្រមាណជាង៣០០ដើមថា ការវិនិយោគលើដំណាំទុរេននេះ គឺត្រូវប្រើដើមទុនច្រើនណាស់ ទាំងការទិញដី ជួលកម្មករ ថែទាំ ដាក់ជី បាញ់ថ្នាំការពារ ជាពិសេសគឺប្រភពទឹកសាប សម្រាប់ការរីកលូតលាស់ នៃដំណាំនេះ។

ជាអ្នកខេត្តកំពត ជាមួយនឹងបងប្អូន០៥នាក់ ក្នុងគ្រួសារអ្នកធូរធារមួយ បងស្រីបានរៀបរាប់បន្តថា៖ “ចំការនេះគឺជាចំការរបស់ឪពុក និងម្តាយរបស់ខ្ញុំទេ តាមពិតខ្ញុំក៏មានចំការខ្លួនឯងមួយដែរនៅកន្លែងផ្សេង ហើយក៏ដាំដំណាំទុរេនដូចគ្នាដែរ ហើយចំការរបស់ឪពុកម្តាយខ្ញុំនេះ គឺមានអាយុកាលជាង២០ឆ្នាំមកហើយ តាំងតែពីពួកខ្ញុំនៅតូចៗម្ល៉េះ ដែលកាលនោះ តំបន់នេះនៅមានខ្មែរក្រហមខ្លះៗនៅឡើយ ។ ចំពោះដំណាំទាំងជាង៣០០ដើមនេះ គឺកំពុងតែហុចផលបណ្តើរៗ ចាប់តាំងពីខែមេសាមក ហើយចំការនេះ គឺបានបេះលក់អស់ប្រមាណ៨០ភាគរយហើយ ដោយភ្ញៀវខ្លះមកទិញដល់ចំការ ខ្លះទិញដល់ផ្ទះ ហើយខ្លះទៀតកុម៉្មង់ទៅតាមខេត្តផ្សេងៗ និងភ្នំពេញជាដើម ដោយចំណូលទាំងអស់គឺខ្ញុំពុំអាចដឹងជាក់លាក់ទេ តែតាមការប៉ាន់ស្មានរបស់ខ្ញុំ គឺប្រហែល ៥ ទៅ៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ជាមួយនឹងទិន្និផលប្រមាណជាង១តោន ដោយគិតចាប់ពីការចាប់ផ្តើមហុចផលនៅខែមេសានេះ និងចាប់ផ្តើមបេះលក់ជាបណ្តើរៗមកម្ល៉េះ” ។

ពាក់ព័ន្ធទៅនឹងសំណួរដែលថា តើអាចសម្គាល់បានឬទេ ចំពោះមួយណាជាទុរេនកំពត មួយណាជាទុរេនថៃ បងស្រី ស៊ីនី បានបញ្ជាក់ថា៖ “បងអត់ដឹងទេប្អូន ពិតមែនតែបងមានបទពិសោធន៍ផ្នែកទុរេននេះ តែការសម្គាល់នោះគឺពិបាកមែនទែន អ្នកខ្លះថាមើលតាមពណ៌សម្បកទុរេន និងសាច់ទុរេន គឺមិនអាចមើលដឹងនោះទេ សូម្បីតែបងខ្លួនឯងក៏មិនដឹងដែរ តែពីមុនធ្លាប់មានអ្នកប្រាប់ថា ទុរេនកំពតគឺសម្បកស្រអាប់ ហើយទុរេនថៃសម្បកខៀវ នោះក៏ពុំអាចយកជាការបានដែរ ព្រោះចំការរបស់បង ក៏ដូចជារបស់ឪពុកម្តាយបង គឺដើមខ្លះផ្លែសម្បកខៀវ និងដើមខ្លះផ្លែសម្បកស្រអាប់ ដូចនេះគឺមានតែភាពស្មោះត្រង់របស់អ្នកលក់ទេ ទើបអាចជឿទុកចិត្តបាន ហេតុដូចនេះហើយទើបភ្ញៀវខ្លះគឺសុខចិត្តមកទិញដល់ចំការតែម្តង ហើយភ្ញៀវខ្លះគាត់ស្គាល់យើង និងទុកចិត្តយើង គាត់ក៏ទិញត្រឹមនៅផ្ទះ ឬកុម៉្មង់តែម្តង” ។

ដោយឡែក ពាក់ព័ន្ធនឹងទុរេនដែលលក់នៅតាមដងផ្លូវ ឬក៏ក្នុងខេត្តកំពតទាំងមូលវិញ បងស្រីបានអះអាងបញ្ជាក់ថា៖ “បងមិនហ៊ានថាទុរេនគេកំពត ឬទុរេនគេថៃនោះទេ តែបងគ្រាន់តែនិយាយបានថាគឺមិនកំពតទាំងអស់ទេ ព្រោះដូចដឹងស្រាប់ហើយ ទុរេនកំពតអាចលក់ចេញ ដូចជាពូជឪខាក់ និងមុនថង ក្នុងរង្វង់២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ខណៈទុរេនថៃគឺតម្លៃធូរថ្លៃជាងនេះ ហេតុដូច្នេះហើយគឺមានតែភាពស្មោះត្រង់របស់អ្នកលក់ទេ ទើបយើងអាចញ៉ាំទុរេនកំពតពិតៗ” ។

ម្យ៉ាងវិញទៀត ពាក់ព័ន្ធនឹងគោលបំណងនៃការវិនិយោគបន្ថែមវិញ បងស្រី បានបន្ថែមថា៖ “រឿងនេះបងពុំដឹងច្បាស់ទេអូន ព្រោះនេះជាចំការរបស់ឪពុកម្តាយ តែជឿថាពិបាកបន្តិចព្រោះដីសម្រាប់វិនិយោគបន្ថែមនៅម្តុំនេះបានឡើងថ្លៃណាស់ ប៉ុន្តែខ្ញុំមានគោលបំណងដាំទុរេនបន្ថែមក្នុងដីចំការទាំង០៥ហិកតាដែលមានស្រាប់នេះ ព្រោះនៅសល់ចន្លោះដែលសមល្មមអាចដាំបន្ថែមបាន។ ណាមួយនៅទីនេះគឺពិបាករកប្រភពទឹកសាបដើម្បីស្រោចស្រពណាស់ ដោយត្រូវតទុយោរទឹកវែង និងឆ្ងាយដែលត្រូវបន្ថែមទុនខ្ទង់ម៉ឹនដុល្លារទៀតឯណោះ ហើយដំណាំទុរេននេះគឺត្រូវការទឹកណាស់ ដោយឡែកនៅក្នុងចំការនេះ ក៏មានដំណាំមង្ឃុតផងដែរ ប៉ុន្តែនោះគ្រាន់ជាដំណាំបន្ទាប់បន្សំប៉ុណ្ណោះ” ។

សូមបញ្ជាក់ថា ទុរេនចាប់ផ្តើមផ្លែ ឬហុចផល បន្ទាប់ពីដាំដុះបានប្រមាណ៦ ទៅ៧ឆ្នាំ ប៉ុន្តែបើមើលថែបានល្អ គឺប្រហែល៤ ទៅ៥ឆ្នាំប៉ុណ្ណោះ ហើយជាទូទៅ ទុរេនចាប់ផ្តើមផ្លែក្នុងរង្វង់ខែមេសា ដល់ខែឧសភា ប៉ុន្តែក្នុងករណីដែលផ្កាខុសរដូវវិញ គឺអាចក្នុងរង្វង់ខែ១០ ទៅខែ១១ ទើបមានផ្លែ ហើយទុរេនកំពតទៀតសោតគឺត្រូវបានទទួលស្គាល់ពីរសជាតិឈ្ងុយឆ្ងាញ់ផងដែរ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

នៅទូទាំងខេត្តកំពតទាំងមូល មានផ្ទៃដីដាំដុះទុរេន ប្រមាណ ១,៣០០ហិកតា ដែលផ្តល់ទិន្នផលប្រមាណ១២,២៨០តោនក្នុងមួយឆ្នាំ ខណៈដំណាំផ្លែឈើរួមផ្សំផ្សេងទៀត ដែលត្រូវបានគេទទួលស្គាល់ពីគុណភាព និងរសជាតិឆ្ងាញ់ដែរនោះ មានដូចជា ម្នាស់ សាវម៉ាវ មង្ឃុត ដូង។ល។ ចំណែកឯខេត្តផ្សេងៗទៀត ដែលដាំដុះទុរេននោះផងដែរ មានដូចជាខេត្តកំពង់ចាម ខេត្តកែប ខេត្តកោះកុង និងខេត្តបាត់ដំបង៕ ដោយ៖ ផែន រតនៈ