ឯកអគ្គរដ្ឋទូថ្មីនៃប្រទេសទីម័រខាងកើត សាទរចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរាតត្បាតមេរោគកូវីដ-១៩ ដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្ដម Ermenegildo ”Kupa” ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិប​តេយ្យទីម័រ​ខាង​កើត បានសម្ដែងនូវការសាទរចំពោះប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់​ស្កាត់​ការរាតត្បាតមេរោគកូវីដ-១៩ បានយ៉ាងជោគជ័យ។

ឯឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់ក្រុម​អ្នកយក​ព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Ermenegildo  ហៅកាត់ថា ” Kupa ” ឯកអគ្គរដ្ឋថ្មី​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃពុធ៦ កើត ខែពិសាខឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តម Kupa បានគោរពពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខទុកពី​ឯកឧត្តមនាយករដ្ឋមន្ត្រី ប្រធានាធិបតីប្រទេសទីម័រខាងកើត ជូនចំពោះសម្ដេចតេជោ។ ឯកឧត្តមបានជម្រាបជូនថា ឯកឧត្តមមកបំពេញបេសកកម្មការងារ​នៅក្នុងប្រទេសកម្ពុជា​នាពេលនេះ គឺជាពេលវេលាដ៏ពិបាកមួយនៃជំងឺកូវីដ-១៩ដែលពិភពលោកកំពុងជួបប្រទះ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម ពុំមានការភិតភ័យដែរ ផ្ទុយទៅវិញឃើញថា​វិធានការ​របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគ្រប់គ្រងស្ថានភាពបានយ៉ាងល្អប្រសើរ។ ក្នុងន័យ នេះ​ឯកឧត្តមសូមគោរពថ្លែងនូវការសាទរចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់ការរាតត្បាតមេរោគកូវីដ-១៩ បានយ៉ាងជោគជ័យ។

ឯកឧត្តមបាន​ជម្រាបជូនសម្ដេចតេជោផងដែរថា និស្សិតរបស់ទីម័រខាងកើត ក៏ដូចជាមន្ត្រីស្ថាន​ទូតទាំង​អស់គឺទទួលបាននូវសុវត្ថិភាពល្អ។ លើសពីនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត​ក៏បាន​គោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមមកកម្ពុជានៅ​ពេល​នេះ ឯកឧត្តមនឹងពិនិត្យមើលឡើងវិញរាល់អនុស្សរណៈទាំងឡាយដែលបានចុះរួមគ្នា​កន្លង​មក និងធ្វើយ៉ាងណាជំរុញការដាក់ដំណើរការអនុស្សរណៈទាំងអស់នោះ ឱ្យទទួល​បានជោគជ័យ។ ឯកឧត្តមក៏នឹងបន្តធ្វើការជាមួយក្រសួងកសិកម្ម ដើម្បីរៀបចំការនាំអង្ករ​ចេញទៅប្រទេសទីម័រខាងកើត និងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល រួមនឹងក្រសួង​ដទៃទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានវិសាលភាពកាន់តែធំឡើង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ចំពោះ ឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំនៅកម្ពុជា។ សម្តេចតេ ជោក៏បានអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រី និងប្រធានាធិបតី ទីម័រខាងកើត ចំពោះសម្ដេចផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍អរគុណ ចំពោះ​ការវាយតម្លៃរបស់ទីម័រខាងកើត ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩នៅកម្ពុជា ដែលកន្លង​មកនេះ​កម្ពុជាក៏បានឆ្លងជំងឺកូវីដ-១៩ ចំនួន១២២នាក់ ហើយ១២២ នាក់នេះក៏បានជាសះ​ស្បើយ​ផងដែរ។ តែជំងឺនេះមិនទាន់ចប់នៅឡើយ ដែលត្រូវតែមានការប្រុងប្រយ័ត្នជាបន្ត​ទៀត​ចំពោះជំងឺនេះ។

សម្ដេចតេជោបានថ្លែងផងដែរថា តាមរយៈបទពិសោធន៍កន្លងមកនេះ គឺការ​ទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនសម្អាងទៅលើវិទ្យាសាស្ត្រខ្ពស់នោះទេ គឺសម្អាងទៅលើ​សមត្ថភាព នៃការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះ។ ឆ្លៀតក្នុងឱកាសនេះសម្ដេចតេជោ ក៏បានសម្ដែងនូវអំណរអរគុណប្រទេសទីម័រខាងកើត ដែលបានគ្រប់គ្រងស្ថានភាព​ពិសេស​ជំងឺកូវីដ-១៩បាន ដែលមានការឆ្លងរាតត្បាតតិចបំផុត ហើយអ្នកជំងឺទាំងអស់​ក៏បានជាសះស្បើយផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវអំណរគុណ​ប្រទេសទីម័រខាងកើត ដែលបានផ្ដល់នូវម៉ាស់ជូនដល់ប្រទេសកម្ពុជា ក្នុងការចូលរួម​ចំណែកទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

ពាក់ព័ន្ធទៅនឹងការនាំអង្ករទៅប្រទេសទីម័រខាងកើត សម្តេចតេជោបានផ្ដល់​អនុសាសន៍ថា គប្បីណាបញ្ជូនក្រុមហ៊ុនរបស់ទីម័រខាងកើត  ដើម្បីឱ្យមានស្ថានទីតាំង​នៅ​កម្ពុជា ហើយរៀបចំឱ្យមានឃ្លាំង រោងចក្រ មានកន្លែងសម្ងួត ក៏ដូចជាមានបណ្ដាញទិញ ដើម្បីធ្វើយ៉ាងណាប្រមូលទិញឱ្យបានគ្រប់គ្រាន់ដើម្បីធ្វើការនាំចេញទៅប្រទេសទីម័រខាងកើត។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ឱ្យធ្វើយ៉ាងណា រួមសហ​ការគ្នាដើម្បីចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក អ្វីដែលកម្ពុជាមាន​​និងអ្វីដែល​ទីម័រ​ខាងកើតមាន។

នៅក្នុងជំនួបនោះដែរ ឯកឧត្តម Kupa ក៏បានគោរពសូមការណែនាំអនុសាសន៍​ផ្សេងៗ​ពីសម្ដេចតេជោ អំពីការចូលជាសមាជិករបស់អាស៊ាន។ សម្តេចតេជោក៏បាន​ជម្រាប​​ជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីមូលហេតុ០៤យ៉ាង ដែលកម្ពុជាសម្រេចចូល​ជាសមា​ជិកអាស៊ាន និងបានចែករំលែកបទពិសោធន៍ពីកម្ពុជាមាន ពាក់ព័ន្ធទៅនឹងដំណើរការជា​មួយនឹងសមាជិកអាស៊ាន ហើយសម្ដេចក៏បានជូនពរដល់ឯកឧត្តម Kupa ឱ្យទទួល​បាន​ជោគជ័យនៅក្នុងដំណើរបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានេះ៕ ដោយ៖ ជឹម ណារី