ប្រមុខសន្តិសុខជាតិ បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ទប់ស្កាត់ឱ្យបាននូវការលួចធ្វើ​ដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់តាមព្រំដែន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈ​កម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានបញ្ជាអាជ្ញាធរខេត្តជាប់ព្រំដែនជាមួយ ប្រទេសជិតខាងជាប់ព្រំដែនជាមួយកម្ពុជាទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ព្រំដែន​។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បាន លើកឡើងថា ប្រទេសថៃនាពេលនេះ កំពុងតែដាក់ប្រទេសនៅក្នុងភាពអាសន្ននៅឡើយ ហេតុនេះហើយការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅក៏ខុស អ្នកនាំ ក៏ខុស​ច្បាប់ដូចគ្នា។

សម្តេចក្រឡាហោម​បានបញ្ជាក់ថា  បច្ចុប្បន្ននេះបើទោះបីជាយើង​បានបិទ ច្រកចេញ-ចូលផ្លូវការរួចហើយក៏ដោយ ក៏មានពលរដ្ឋមួយចំនួននៅតែចេញ-ចូលនៅ តាម ច្រករបៀង ដូចនេះសមត្ថកិច្ចនៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែម។

សម្តេចក្រឡាហោមក៏បានស្នើទៅដល់សមត្ថកិច្ចទាំងអស់ ទាំងរដ្ឋបាលដែនដី កម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដទៃទៀត ដែលមាន​ការពាក់ព័ន្ធត្រូវរួមគ្នាទប់ស្កាត់ដើម្បីកុំឱ្យមានការលួចឆ្លងកាត់ខុសច្បាប់ទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ៕ដោយ ចាន់ សុធីវង្ស