សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរដែលនៅក្រៅប្រទេស ហើយមានបំណង​ចូលមក​កម្ពុជា មិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩នោះទេ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ នោះទេ។

នៅលើផេកផ្លូវការ នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលកំពុង​​ធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ទេ។

សម្ដេចតេជោបានគូសបញ្ជាក់ថា  វិធានការនេះ គឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតើមានរោគឆ្លងឬអត់រោគឆ្លង ទើប អនុញ្ញាតឱ្យទៅលំនៅឋានវិញ៕ ដោយ៖ជឹម ណារី