អនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពសិក្សារបស់សិស្សតាមទូរទស្សន៍(ទ.ទ.ក.២)និងប្រព័ន្ធអនឡាញនៅស្រុកព្រៃនប់

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឆេង សុភ័ក្រ អនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក.) ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ដោយមានកិច្ចសហការជាមួយអាជ្ញាធរស្រុកព្រៃនប់ ចុះពិនិត្យមើលសកម្មភាពសិក្សារបស់សិស្សានុសិស្សនៅក្នុងឃុំចំនួន០២ ក្នុងស្រុកព្រៃនប់ មានឃុំតានៃ និង ឃុំជើងគោ។

ក្នុងសកម្មភាពចុះពិនិត្យតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៩គ្រួសារ ដែលមានបញ្ហាប្រឈមមួយចំនួន ដូចជា ខ្វះខាតសម្ភារៈសម្រាប់សិក្សារបស់សិស្សដូចជា៖ ទូរទស្សន៍ ទូរស័ព្ទវៃឆ្លាតក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ និងសេវាទូរស័ព្ទ ។ រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាកាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ហើយក្រសួងអប់រំយុវជន និងកីឡា បានសហការជាមួយក្រសួងព័ត៌មាន បង្កើតប៉ុស្តិ៍ទូរទស្សន៍កម្ពុជា២ (ទ.ទ.ក.២) សម្រាប់បង្រៀនសិស្សានុសិស្សតាមប្រព័ន្ធទូរទស្សន៍ ឬតាមទូរស័ព្ទដៃ (Smart phone) ប្រព័ន្ធអនឡាញ ទៅតាមកាលវិភាគគ្រប់កម្រិតសិក្សា ជាលទ្ធផលយើងឃើញថា ក្មេងដែលសិក្សាតាមប្រព័ន្ធអនឡាញ និងតាម ទ.ទ.ក.២ បានសិក្សាតិចតួច ដោយសារមូលហេតុ មាតា បីតាសិស្សមិនយល់ពីការរៀន និងបង្រៀនតាមទូរទស្សន៍ និងទូរស័ព្ទដៃតាមប្រព័ន្ធអនឡាញ ។ ម្យ៉ាងទៀតពួកគាត់ពុំមានចំណេះដឹង និងជីវភាពខ្វះខាត ទោះបីលោកគ្រូ អ្នកគ្រូ បានធ្វើការពន្យល់ជាបន្តបន្ទាប់ក៏ដោយ  ។
ក្នុងឱកាសនោះឯកឧត្តម ឆេង សុភ័ក្រ អនុប្រធាន គ.ក.ស.ក.ខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភសម្ភារមួយចំនួន រួមមាន៖ ម៉ាសចំនួន ១ប្រអប់ និងទឹកអាល់កុលចំនួន ១០លីត្រ ក្នុងមួយឃុំៗ ព្រមទាំងបានធ្វើការណែនាំឱ្យមេឃុំ ជ្រើសរើសទីតាំងណាមួយសមរម្យ ដើម្បីឱ្យគ្រូជួយបង្រៀនសិស្សក្នុងមួយវគ្គ មានសិស្សចំនួន ១០នាក់ ។ ទន្ទឹមនោះក៏បានធ្វើការណែនាំដល់មាតា បីតាសិស្ស និងក្មួយៗត្រូវចេះថែរក្សាអនាម័យ ដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប់ជាប្រចាំ រក្សាគម្លាតក្នុងកាអង្គុយ ពាក់ម៉ាសការពារជំងឺកូវីដ-១៩ ព្រោះជំងឺនេះកំពុងតែរាតត្បាតនៅលើពិភពលោកយ៉ាងធ្ងន់ធ្ងរ ។ ប្រសិនបើយើងមិនមានវិធានការការពារ ទប់ស្កាត់បានទាន់ពេលវេលានោះទេ វាអាចឆ្លងក្នុងសហគមន៍របស់យើង ។ ដូច្នេះយើងត្រូវរួមគ្នាចូលរួមការពារ ទប់ស្កាត់ កុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង ៕

ដោយ ងូ សុមុនី