ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចាត់ទុកកម្ពុជាជាគោលដៅមុនគេ ដែលទេសចរអន្ដរជាតិត្រូវត្រឡប់ មកកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្ដម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា​គឺជាគោលដៅទេសចរណ៍ដំបូងគេដែលភ្ញៀវទេសចរអន្តរជាតិត្រូវត្រឡប់មកទស្សនាកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ-១៩នៅទូទាំងពិភពលោក។ ការគូសបញ្ជាក់របស់ឯកឧត្ដម ឯកអគ្គរដ្ឋទូតអូស្ត្រាលីនេះ  ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដី​ការក្រសួងទេសចរណ៍។ នេះបើយោងតាមក្រសួងទេសចរណ៍។

ឯកឧត្ដម Pablo Chiho Kang បានលើកឡើងថា ដោយសារឯកឧត្ដម​បានទៅ​ទស្សនកិច្ចដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍នានា តាំងតែពីឯកឧត្ដមបានមកដល់​ប្រទេសកម្ពុជា ប្រទេសក្នុងក្ដីស្រមៃរបស់ឯកឧត្ដមលើកដំបូង ដូចជានៅសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ខេត្តបាត់ដំបង ភូមិភាគឦសានជាដើម ដោយឯកឧត្ដមបានកោតសរសើរថានៅតំបន់ទាំងនោះថា គឺពិតជាស្រស់ស្អាតប្លែកភ្នែក និងមានភាពទាក់ទាញខ្ពស់ ដែលជាក្ដីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ។

ឯកឧត្ដម​​ឯកអគ្គរដ្ឋ ទូតបានបន្តថា ព័ត៌មានអំពីសក្ដានុពលទេសចរណ៍ ទិដ្ឋភាព ទេសភាពដ៏ស្រស់ត្រកាល​មាននៅកម្ពុជានេះ ឯកឧត្ដមក៏មានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅ​ប្រទេសកំណើតរបស់ឯកឧត្ដមដែរ ក្នុងនោះមានភ្ញៀវទេសចរច្រើនណាស់​ដែលចង់មក​ទស្សនា​កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩រសាត់ផុតទៅ។ ជាមួយគ្នានេះ កិត្តិនាមមនុស្សធម៌ សប្បុរសធម៌ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសណ្ដោស​ប្រណី​ចំពោះភ្ញៀវទេសចរនៅលើនាវា Westerdam ឱ្យចូលចតនៅក្រុងព្រះសីហនុនោះ គឺពិតជាមានភាពល្បីសុះសាយខ្លាំងនៅក្នុងសង្គមអូស្ត្រាលី។ ដូច្នេះហើយប្រជាពលរដ្ឋ​ច្រើន​ណាស់តែងតែចង់មកទស្សនាដោយផ្ទាល់នៅលើទឹកដីករុណាធម៌មួយនេះ។

ឯកឧត្ដម ថោង ខុន បានបង្ហាញការអរគុណចំពោះការចូលរួមរបស់ស្ថាន​ទូត​អូស្ត្រាលី ក៏ដូចជាឯកឧត្ដមឯកអគ្គរដ្ឋទូតផ្ទាល់ ដែលមានក្ដីស្រឡាញ់យ៉ាងជ្រាល​ជ្រៅ​ចំពោះប្រទេសកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើឱ្យមានការផ្សព្វផ្សាយបន្ថែមកាន់តែខ្លាំង ពីគោលដៅទេសចរណ៍នៅកម្ពុជាទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេស​អូស្ត្រាលី ខណៈកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍គោលដៅទេសចរណ៍​របស់ខ្លួនយ៉ាងយក​ចិត្ត​ទុក​ដាក់ និងបង្កើនស្ដង់ដារការពារសុវត្ថិភាព សុខភាពកាន់តែមានប្រសិទ្ធភាពជាងមុន ត្រៀមទទួលវត្តមានភ្ញៀវទេសចរដែលនឹងត្រឡប់មកទស្សនានៅពេលក្រោយវិបត្តិជំងឺកូវីដ-១៩នេះ។

លើសពីនេះទៀត ឯកឧត្ដម ថោង ខុន ក៏បានស្នើសុំឱ្យរដ្ឋាភិបាលអូស្ត្រាលី​ជួយ​ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តទៀត ហើយបច្ចុប្បន្នមាននិស្សិតកម្ពុជា​ប្រមាណ ៣,៥០០នាក់ កំពុងសិក្សានៅប្រទេសអូស្ត្រាលី​ដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិ​បាល​ក្រុងកង់បេរ៉ា ក្នុងនោះក៏មានមុខវិជ្ជាទេសចរណ៍ផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីក៏​បាន​ជំរុញទៅកាន់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈលោកឯកអគ្គរដ្ឋទូត Pablo Chiho Kang ជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញឱ្យមាន កំណើន​ទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរពីអូស្ត្រាលីមកកម្ពុជា​មានការកើន​ឡើងគួរឱ្យកត់សម្គាល់ (នៅឆ្នាំ២០១៩ មានចំនួនប្រមាណ១២ម៉ឺននាក់)។

សូមបញ្ជាក់ផងដែរថា កន្លងមក ដើម្បីធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី ភ្ញៀវ​ទេសចរ និងអ្នកដំណើរត្រូវឆ្លងកាត់ប្រទេសថៃ ឬប្រទេសសិង្ហបុរីមួយដំណាក់សិន មុនចូល​មកដល់ប្រទេសកម្ពុជា ឬទៅដល់ប្រទេសអូស្ត្រាលី។

ទាក់ទងនឹងសំណើខាងលើនេះ ត្រូវបានឯកឧត្ដម ឯកអគ្គរដ្ឋទូត Pablo Chiho Kang ទទួលយកទាំងក្ដីរីករាយ ដោយបានសន្យាថានឹងលើកឡើងជូនរដ្ឋាភិបាលរបស់ឯកឧត្ដម សំដៅបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា-អូស្ត្រាលីឱ្យកាន់តែល្អប្រសើរខ្លាំងឡើង៕

ដោយ៖រិទ្ធី