សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ នៅស្រុកកំពង់សីលា

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរដោយលោកឧកញ៉ា សមាជិកកិត្តិយសសាខា សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាស្រុកកំពង់សីលា និងអ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការចំនួន ១៦៨គ្រួសារ នៅក្នុងឃុំចំនួន៣ នៃស្រុកកំពង់សីលា ។ ក្នុងនោះឃុំស្ទឹងឆាយ ៤៩គ្រួសារ, ឃុំកំពង់សីលា ៦៤គ្រួសារ, និងឃុំអូរបាក់ រទេះ ៥៥គ្រួសារ មានទីតាំងវត្តបីក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០  ។

ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្តីនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ។

ឯកឧត្ដម ប្រធានគណៈកម្មាធិការសាខា បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ញាតិត្រឡប់មកពីក្រៅប្រទេស ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ។ ទន្ទឹមនោះក៏បានធ្វើការអប់រំផ្សព្វផ្សាយពីវិធានការកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ធ្វើអនាម័យលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល ឬអាល់កុល ប្រសិនបើចេញទៅកាន់ទីសាធារណៈ ត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជាប្រចាំ និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយដែលចែកជូន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការចំនួន ១៦៨គ្រួសារ នៅស្រុកកំពង់សីលា ដោយក្នុងមួយគ្រួសារៗទទួលបាន ៖  អង្គរ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកបរិសុទ្ធ ១កេស ម៉ាស  អាវយឺត៥ ស្បែកជើងផ្ទាត់ ១គូរ សាប៊ូ ២ដុំ និងថវិកា ៥ម៉ីនរៀល ។

ក្នុងឱកាសនោះឯកឧត្តមប្រធានក៏បានប្រគេនសម្ភារ ជាគ្រង ឧបភាគ បរិភោគ ជូនដល់វត្តចំនួន៤ ដោយក្នុងមួយវត្តៗ អង្គរ ៥០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ទឹកបរិសុទ្ធ ២កេស ម៉ាស ១ប្រអប់ ស្បែកជើងផ្ទាត់ ២គូរ សាប៊ូ ២ដុំ និងបច្ច័យមួយចំនួនផងដែរ ៕ ដោយ៖ងូ សុមុនី