រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូល​ជួបម្តែងការគួរសម និងពិភាក្សាការងារ ក្នុងនោះឯកឧត្ដមរដ្ឋមន្រ្ដីបានវាយតម្លៃខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសចាប់​តាំងពីផ្តើមអាណត្តិការងារជាឯកអគ្គរដ្ឋទូតរបស់ឯកឧត្តម W.Patrick MurPhy នៅកម្ពុជា​មួយ​រយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិ​បត្តិ​ការ​រវាង​ប្រទេសទាំងពីរ។

ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅ​ទីស្តីការ ក្រសួធម្មការ និងសាសនា។ នេះបើយោងតាមក្រសួងធម្មការ និងសាសនា។

ឯកឧត្តម ឈិត សុខុន បានសម្តែងនូវក្តីសង្ឃឹមថា ការទំនាក់ទំនងដ៏ល្អនេះ ជា ពិសេស​នៅក្នុងអាណត្តិការងាររបស់ឯកឧត្តម W.Patrick MurPhy នឹងនៅតែបន្តរីកចម្រើន ទៅមុខបន្ថែមទៀត។

ឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមាន ប្រសាសន៍ឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅលើការទំនាក់ទំនងជារួម រវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក។ ឯកឧត្តមអគ្គរដ្ឋទូតបានបន្តថា នៅឆ្នាំ​នេះគឺខួបទំនាក់ទំនង៧០ឆ្នាំរវាងកម្ពុជា និងអាម៉េរិក ដែលស្ថានទូតសហរដ្ឋអាមេរិក​បាន​យកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ផ្សេងៗ ដែលក្នុងនោះក៏មានប្រធានបទពាក់ព័ន្ធទៅ​នឹង​សាសនាផងដែរ ដើម្បីបន្តជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំពីរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណគុណចំពោះរដ្ឋាភិបាលសហរដ្ឋ អាមេរិក ដែលទោះបីស្ថិតក្នុងស្ថានការណ៍លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ សហរដ្ឋអាមេរិកនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ប្រទេសមួយចំនួននៅតំបន់អាស៊ី រួមទាំង ប្រទេសកម្ពុជាផងដែរ៕

ដោយ៖ឡុង ស៊ីវ៉ាន់